នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ នៅថ្ងៃច័ន្ទសប្តាហ៍នេះ ដែលរៀបចំឡើងដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាចិនអាស៊ាន ត្រូវបានថ្នាក់ដឹកនាំកំពូលរបស់ចិនលោក ស៊ី ជីនពីងអះអាងថា ប្រទេសចិននិងជួយជ្រោមជ្រែងសន្តិភាពនៅក្នុងតំបន់ ស្ថិរភាព និងការអភិវឌ្ឍផងដែរ។
លោកស៊ី បន្ថែមថា ប្រទេសចិនក៏មិនចង់បានអនុត្តរភាព ឬផលប្រយោជន៍ តាមរយៈការបង្ខិតបង្ខំ ឬមើលស្រាលលើប្រទេសតូចជាងខ្លួននោះដែរ។ ផ្ទុយទៅវិញ ចិននឹងសហការរួមគ្នាជាមួយអាស៊ាន ដើម្បីលុបបំបាត់ការជ្រៀតជ្រែកក្នុងបំណងអាក្រក់ទាំងឡាយ។
ដោយឡែក ភាគីកម្ពុជាក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអញ្ជើញចូលរួម និង ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនោះផងដែរ។ សម្តេចតេជោហ៊ុន សែន បានថ្លែងកោតសរសើរពីទំនាក់ទំនងដ៏ស្អិតល្មួតអស់ពេលបីទសវត្សរ៍កន្លងមកនេះ រវាងអាស៊ាន និង ប្រទេសចិន ក៏ដូចជាផលប្រយោជន៍ដែលភាគីទាំងពីរបានផ្តល់ឲ្យគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា៖«ស្របពេលដែលចិនបានក្លាយជាប្រទេសមហាអំណាចឈានមុខមួយ និងមានតួនាទី កាន់តែសំខាន់ និងច្រើនឡើងៗ ទាំងក្នុងតំបន់ និងសកលលោក ហើយអាស៊ានក៏បានបំពេញតួនាទីកាន់តែទូលំទូលាយ ដែលធ្វើឲ្យទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និងចាំបាច់ ដែលមាន អត្ថន័យធំធេង និងប្រកបដោយផ្លែផ្កា សម្រាប់តំបន់ទាំងពីរ ក៏ដូចជាសម្រាប់សកលលោកទាំងមូល ជាពិសេស នៅក្នុងបរិការណ៍នៃការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។»គួរជម្រាបថា កិច្ចប្រជុំកំពូលពិសេសខាងលើនេះ គេកត់សម្គាល់ឃើញថា គឺបានធ្វើឡើងដោយអវត្តមានតំណាងមកពីប្រទេសមីយ៉ាន់ម៉ា ពោលគឺ មេដឹកនាំយោធា លោក មីនអ៊ុង ឡាំង មិនត្រូវបានអញ្ជើញឲ្យចូលរួមនោះទេ។ នេះបើតាមប្រភពស្និទនឹងកិច្ចប្រជុំ ប្រាប់សារព័ត៌មានរ៉យទ័រ។
ប្រភពដដែលបន្តថា ភាគីចិនបានព្យាយាមសម្របសម្រួលឲ្យលោក មីនអ៊ុង ឡាំងបានចូលរួមក្នុងកិច្ចប្រជុំខាងលើ ប៉ុន្តែត្រូវបានបដិសេធដោយសមាជិកអាស៊ានមួយចំនួន ដែលមិនត្រូវបានគេបង្ហើបថាជាប្រទេសណាខ្លះនោះទេ។
សូមបញ្ជាក់ថា តំណាងប្រទេសមីយ៉ាន់ម៉ា បានរងសម្ពាធតាមរយៈការមិនអញ្ជើញឲ្យចូលរួមកិច្ចប្រជុំចាប់តាំងពីកិច្ចប្រជុំអាស៊ាននាខែតុលាមកម្ល៉េះ ដោយសារតែក្រុមយោធាបានបរាជ័យក្នុងការអនុវត្តដំណោះស្រាយវិបត្តិក្នុងប្រទេសទាំង៥ចំណុច ដែលអាស៊ានខិតខំស្វែងរកឲ្យ៕