លោកស្រី Janet Yellen ថែមទាំងបានអំពាវនាវចំៗ ទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប ឲ្យរួបរួមគ្នាជាមួយអាមេរិក ដើម្បីប្រជែងទប់ទល់ជាមួយទីក្រុងប៉េកាំង និង ធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មានរ៉យទ័រ ។
លោកស្រី Yellen បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់វេទិកាសេដ្ឋកិច្ចទីក្រុងប្រ៊ុចសែល ក្នុងប្រទេសបែលហ្សិកថា ការអនុវត្តលើការធ្វើពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍនិងគោលនយោបាយអាកាសធាតុ និងការអនុវត្តការផ្តល់ប្រាក់របស់ប្រទេសចិនទៅកាន់បណ្តាប្រទេសជាច្រើន បានធ្វើឱ្យប្រទេសមួយចំនួនប្រឈមមុខនឹងបំណុលវណ្ឌក និងបង្កឲ្យមានអស្ថិរភាពសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ លោកស្រីបានបន្តថា សហរដ្ឋអាមេរិក និង សម្ព័នមិត្ត ត្រូវតែលើកទឹកចិត្តប្រទេសចិនឱ្យបោះបង់ការអនុវត្តគោលនយោបាយអន្ទាក់បំណុលរបស់ខ្លួន។
លោកស្រីបានអះអាងថា ក្នុងសេណារីយោ ប្រសិនបើលោកខាងលិចអាចបញ្ចុះបញ្ចូលចិនបាន នោះតំបន់អឺរ៉ុបនឹងមានឱកាសកាន់តែប្រសើរឡើងក្នុងការប្រកួតប្រជែងជាមួយប្រទេសចិន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មនៅអាមេរិក ក៏ដូចជានៅអឺរ៉ុប។
លោកស្រី Yellen បាននិយាយថា តំបន់អឺរ៉ុបមានការពឹងផ្អែកជាខ្លាំងពេកហើយ ទៅលើប្រទេសចិនសម្រាប់ធនធានរ៉ែកម្រ ហើយទីក្រុងប៉េកាំងកំពុងបង្កើតចំណែកទីផ្សារដ៏រឹងមាំនៅក្នុងផលិតផលបច្ចេកវិទ្យាមួយចំនួន ដូចជាការព្យាយាមគ្រប់គ្រងការផលិតបន្ទះឈីបជាដើម។ លោកស្រី Yellen បានព្រមានថា ការអភិវឌ្ឍទាំងអស់នេះរបស់ទីក្រុងប៉េកាំង អាចធ្វើឱ្យប្រទេសកាន់របបប្រជាធិបតេយ្យ ដែលមានសេដ្ឋកិច្ចទីផ្សារ កាន់តែងាយរងគ្រោះ ទៅនឹងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ប្រទេសចិន។
ជុំវិញនឹងការលើកឡើងរបស់លោកស្រី Yellen នេះ នៅមិនទាន់មានការឆ្លើយតបបែបណា ពីសំណាក់ខាងភាគីចិនមកវិញនៅឡើយទេ គិតត្រឹមថ្ងសទី១៨ ឧសភានេះ។
សូមបញ្ជាក់ថា ទន្ទឹមនឹងការនិយាយរិះគន់គោលនយោបាយរបស់ចិន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានអំពាវនាវឲ្យសម្ព័ន្ធមិត្តអាមេរិកទាំងអស់ បង្កើតហិរញ្ញប្បទានគាំទ្រដល់អ៊ុយក្រែនបន្ថែមទៀតផងដែរ ដ្បិតថា មូលនិធិដែលបានប្រកាសផ្ដល់ជូនទៅកាន់ប្រទេអ៊ុយក្រែនគិតមកទល់ពេលនេះ មិនទាន់អាចឆ្លើយតបតាមតម្រូវការរយៈពេលខ្លីរបស់ទីក្រុងកៀវ សម្រាប់ប្រយុទ្ធទប់ទល់ជាមួយនឹងសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ីបានឡើយ៕