គិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈ តួលេខអ្នកឆ្លងកូវីដ-១៩ សរុបដែលកម្ពុជាបានរកឃើញមានចំនួន៧៦៦នាក់ ក្នុងនោះ អ្នកដែលបានជាសះស្បើយមាន៤៧៧នាក់។ ចំនួនអ្នកវិជ្ជមានកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈនេះ ភាគច្រើនគឺជាជនជាតិចិន និងវៀតណាម។
គិតមកដល់ព្រឹកថ្ងៃទី ២៧ ខែកុម្ភៈដដែលនេះ អាជ្ញាធរក៏បានប្រកាសបិទទីទាំងសរុបចំនួន៧៧ទីតាំងហើយដែរ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថាព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍លើកទី ៣នេះ គឺជាការឆ្លងធ្ងន់ធ្ងរមួយមិនធ្លាប់មានឡើយសម្រាប់កម្ពុជានិងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ បើមិនចាំបាច់កុំចេញពីផ្ទះ ហើយត្រូវបន្ដធ្វើអនាម័យ គោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ ពោលគឺត្រូវពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយកុំទៅកន្លែងមានមនុស្សច្រើនកកកុញ, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ះពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា៕