មិនថាតែសាមញ្ញជននោះទេ សូម្បីតែមហាសេដ្ឋីលំដាប់ពិភពលោកក៏មានជំនឿទៅលើ«ជោគវាសនា»ដែរ។ ជាក់ស្តែងដូចជាករណីលោក ដូណាល់ ត្រាំ អ៊ីចឹង។
នៅពេលនឹកដល់ឈ្មោះ Donald J. Trump លោកអ្នកប្រហែលជាស្គាល់លោករួចមកហើយ។ ពីមុនលោកល្បីឈ្មោះថាជាមហាសេដ្ឋីផ្នែកអចលនទ្រព្យ ជាម្ចាស់ក្លិបវាយកូនហ្គោលលំដាប់ ផ្កាយជាច្រើន រួមទាំងជាអ្នកបង្កើតកម្មវិធីទូរទស្សន៍ Reality Show ដ៏គួរឲ្យទាក់ទាញផងដែរ។
ពេលនេះ លោក Trump បាននិងកំពុងតែធ្វើឲ្យពិភពលោក ជាពិសេស សម្ព័ន្ធមិត្តរបស់សហរដ្ឋ អាមេរិកចាប់អារម្មណ៍និងមានទាំងអ្នកមិនសប្បាយចិត្តផងដែរ ក្នុងឋាន:លោកជាប្រធានាធិបតី សហរដ្ឋអាមេរិក។ មិនសប្បាយចិត្ត ក៏ព្រោះតែលោកបានសើរើកិច្ចព្រមព្រៀងពាណិជ្ជកម្ម (TPP) ដែលគេរំពឹងថា នឹងកើតឡើងនាពេលដ៏ខ្លីខាងមុខ ការអធិប្បាយរបស់លោកចំពោះ សម្ព័ន្ធមិត្ត NATO គោលនយោបាយរឹតបន្តឹងជនអន្តោប្រវេសន៍ ។ល។ និង ។ល។
“ជោគវាសនាមានតួនាទីក្នុងជីវិតនិងការធ្វើធុរកិច្ចរបស់យើង ដូច្នេះយើងត្រូវបណ្តោយឲ្យវាធ្វើតួនាទីវាខ្លះផងទៅ”
បើទោះជាយ៉ាងណា ខេមបូណូមីស នឹងមិនរៀបរាប់លម្អិតនៅក្នុងទំព័រនេះ អំពីគោល នយោបាយក្នុងការដឹកនាំប្រទេសរបស់ប្រធានាធិបតីមាត់ឆៅ និងដែលបាននិងកំពុងតែធ្វើឲ្យ បណ្តាញព័ត៌មានធំៗនៅលើពិភពលោកមិនសប្បាយចិត្តនេះ នោះឡើយ។
អ្វីដែលយើងនឹងជម្រាបជូននៅពេលនេះ គឺយោងទៅលើសៀវភៅដែលជាស្នាដៃរបស់លោកផ្ទាល់ នៅមុនពេលលោកក្លាយជាអ្នកដឹកនាំអាមេរិកប៉ុណ្ណោះ។
លោក ដូណាល់ ត្រាំ បានលើកឡើងក្នុងសៀវភៅដែលមានចំណងជើងថា Think like a Champion ថា «ជោគវាសនា»មានតួនាទីក្នុងជីវិតនិងការធ្វើធុរកិច្ចរបស់យើង ដូច្នេះយើងត្រូវបណ្តោយឲ្យវាធ្វើតួនាទីវាខ្លះផងទៅ។
បើសិនជាលោកជឿលើវាសនាមែន តើការក្លាយជាមហាសេដ្ឋីដ៏ល្បីឈ្មោះរហូតដល់បានធ្វើ ជាប្រធានាធិបតីទៀតនោះ ជាជោគវាសនារបស់លោក Donald J.Trump ឬ?
សំណួរនេះ យើងខ្ញុំសុំមិនធ្វើការបកស្រាយនោះឡើយ ដោយសុំឲ្យមិត្តអ្នកអានគិតពិចារណា និងស្វែងរកចម្លើយដោយខ្លួនឯងទៅចុះ។
យើងកត់សម្គាល់ឃើញថា បើទោះជាលោកបានលើកឡើងបែបនេះមែន ក៏លោកបានពោលប្រយោគខ្លីមួយទៀតថា ការរៀបគម្រោងយ៉ាងល្អិតល្អន់ដើម្បីឈានទៅកាន់ជោគជ័យជាវិធីដែលអាចសម្រេចតាមគោលដៅយ៉ាងពិត ប្រាកដ។
លោកថែមទាំងណែនាំទៀតថា ឲ្យមានការអត់ធ្មត់ ព្យាយាម។ សម្តីមួយប្រយោគរបស់លោកTrump ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺថា «ខ្ញុំគ្មានថ្ងៃធ្វើជាវល្លិជាដាច់ខាត។ ខ្ញុំធ្វើជាអ្នកសាងកំផែងល្អជាងការតោងជាប់លើកំផែង»៕