វាជាប្រពៃណីទៅហើយសម្រាប់ពលរដ្ឋវៀតណាម ដែលតែងតែចង់បានក្រដាសប្រាក់២ដុល្លារ ដែលមានព្រីនរូបសត្វតាមឆ្នាំនីមួយៗក្នុងរដូវកាលចូលឆ្នាំថ្មីរបស់ពួកគេ ព្រោះពិធីបុណ្យចូលឆ្នាំថ្មីនេះគឺជាពិធីបុណ្យដ៏ធំ និងសំខាន់បំផុតនៅក្នុងប្រទេសនេះដែលនឹងចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈដែលថ្ងៃសំខាន់បំផុតនៃពិធីបុណ្យចូលឆ្នាំនេះគឺនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំដដែល។
សម្រាប់ឆ្នាំនេះ ក្រដាសប្រាក់២ដុល្លារ ត្រូវបានព្រីនអមជាមួយរូបនាគពណ៌មាស ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងលក់បានតម្លៃខ្ពស់បំផុត ជាពិសេសគឺក្រដាសប្រាក់២ដុល្លារ ដែលមានលេខរៀងក្រដាសប្រាក់ (Serial Number) តែ៣ ឬ ៤ខ្ទង់ដូចៗគ្នាដូចជា ៨៨៨ ឬ ៩៩៩៩ ជាដើមដែលគេជឿថាជាលេខនាំលាភ នាំសំណាង នាំមកនូវក្ដីសុខក្នុងក្រុមគ្រួសារ និងរកស៊ីមានបាន។
ពលរដ្ឋម្នាក់ឈ្មោះ ឡាំ (Lam) នៅក្រុងហូជីមិញ និយាយថា គាត់ទិញក្រដាសប្រាក់២ដុល្លារ បានតែ១០សន្លឹកប៉ុណ្ណោះដែលមានលេខ៤ខ្ទង់ដូចៗគ្នា។
គាត់បញ្ជាក់ថា គាត់បានទិញក្រដាសប្រាក់ទាំងនេះដើម្បីនាំលាភ នាំសំណាងដល់សាច់ញាតិរបស់គាត់ ព្រោះគាត់ជឿថា វានាំលាភ នាំសំណាង និងជួយឱ្យគ្រួសារគាត់រកស៊ីមានបាន ហើយបើទោះជាក្រដាសប្រាក់ដែលមានលេខរៀងកម្រមានតម្លៃថ្លៃជាង១០ដង បើធៀបនឹងក្រដាសប្រាក់ដែលមានលេខរៀងធម្មតាក៏ដោយ ក៏គាត់នៅតែទិញវាដែរ ព្រោះពិធីបុណ្យបុណ្យចូលឆ្នាំថ្មីមានតែម្ដងទេក្នុងមួយឆ្នាំ។
ពលរដ្ឋវៀតណាម ម្នាក់ទៀតឈ្មោះ ឈិញ (Chinh) ដែលជាអ្នកលក់កាក់ប្រាក់ និងក្រដាសប្រាក់ប្រភេទនេះនិយាយថា គាត់អាចរកបានក្រដាសប្រាក់២ដុល្លារ ដែលមានលេខរៀង ៩៩៩៩ តែមួយសន្លឹកប៉ុណ្ណោះ ហើយលក់វាបានក្នុងតម្លៃ៨២ដុល្លារអាម៉េរិក ចំណែកឯក្រដាសប្រាក់២ដុល្លារ ដែលមានលេខរៀង៣ខ្ទង់ដូចៗគ្នាដូចជាលេខ៦៦៦ និងលេខ៨៨៨ ឬ លេខ៩៩៩ អាចលក់បានក្នុងតម្លៃចន្លោះពីជាង១៦ដុល្លារ ទៅជាង២០ដុល្លារ ក្នុងមួយសន្លឹក៕
អត្ថបទ៖ សុខ ជា