បើទោះបីអាចមានការពន្យាពេលប្រឡងក៏ដោយ តែក្រសួងពុំមានការបន្ធូរបន្ថយការប្រឡងនោះទេ ពោលគឺក្រសួងបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងអប់រំដែលបានបញ្ជាក់ប្រាប់ខេមបូណូមីសនៅថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗបានអះអាងថា នៅឆ្នាំពុំមានការលប់ចោលការប្រឡងបាក់ឌុបដូចឆ្នាំមុននោះទេ ខណៈក្រសួងអប់រំ នៅសប្ដាហ៍នេះនឹងរៀបចំកិច្ចប្រជុំ ដើម្បីវាយតម្លៃស្ថានការណ៍ពាក់ព័ន្ធ ក្នុងការបន្តរៀបចំការប្រឡងបាក់ឌុបឲ្យមានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាព។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា ថ្នាក់ដឹកនាំក្រសួងអប់រំ នឹងពិនិត្យលទ្ធភាពពន្យារពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីផ្តល់ឱកាសឲ្យសិស្សថ្នាក់ទី១២ មានពេលរៀនបន្ថែមសម្រាប់ត្រៀមប្រឡងនៅឆ្នាំនេះ។ ថ្នាក់ដឹកនាំក្រសួងអប់រំនឹងជួបប្រជុំគ្នានៅសប្តាហ៍នេះ ដើម្បីវាយតម្លៃស្ថានការណ៍ពាក់ព័ន្ធនានា ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុបនៅឆ្នាំនេះ ប្រដោយសុវត្ថិភាព និងប្រសិទ្ធភាព។
អ្នកនាំពាក្យរូបនេះ អះអាងថា ទោះបីមានការពិនិត្យលទ្ធភាពពន្យារពេលការប្រឡងក៏ពិតមែន តែក្រសួងមិនមានការបន្ធូរបន្ថយលើវិញ្ញាសារប្រឡងនោះទេ ពោលគឺក្រសួងនឹងបន្តអនុវត្តតាមច្បាប់ប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងមានលទ្ធផលដែលអាចទទួលយកបាន។
តាមគម្រោងការប្រឡងបាក់ឌុបនៅឆ្នាំនេះ គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ ទោះយ៉ាងណា កាលបរិច្ឆេទប្រឡងថ្មីមិនទាន់ត្រូវបានបង្ហាញនោះទេ គ្រាន់តែឯកឧត្តម រស់ សុវាចា បញ្ជាក់ថា នឹងប្រាប់សាធារណជនក្រោយកិច្ចប្រជុំនៅសប្តាហ៍នេះ។
គួររំលឹកថា កាលពីឆ្នាំមុនសម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោលការប្រឡងបាក់ឌុប ដោយអនុញ្ញាតឲ្យសិស្សត្រូវប្រឡងបាក់ឌុបទាំងអស់ជាប់ដោយស្វ័យប្រវត្តិ បន្ទាប់ពីសម្តេចមើលការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាមានហានិភ័យខ្ពស់។ ម្យ៉ាងទៀតកាលពីឆ្នាំ២០២១ សិស្សថ្នាក់ទី១២ទាំងអស់មិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូចសិស្សបច្ចុប្បន្ន។ ដូច្នេះ សម្តេច បានប្រកាសនាពេលចុងក្រោយនេះ គឺមិនមានការអនុញ្ញាតឲ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិដូចឆ្នាំមុនទៀតនោះឡើយ៕