ស្របពេលជាមួយគ្នានេះ បន្ទាប់ពីមានការវាយប្រហារផ្ទួនៗពីក្រុមហ៊ូធី ក្រុមហ៊ុនដឹកជញ្ជូនធំៗមួយចំនួននៅដើមសប្តាហ៍នេះ បានប្រកាសផ្អាកការធ្វើនាវាចរណ៍ឆ្លងកាត់សមុទ្រក្រហម ដែលជាផ្លូវទឹកអន្តរជាតិ ដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
យោងតាមរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបា រ៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចំនួន១០បានយល់ព្រមចូលរួមក្នុងគំនិតផ្តួចផ្តើមសន្តិសុខពហុជាតិ។
សម្ព័ន្ធសន្តិសុខនេះ នឹងដំណើរការដោយមានគោលដៅធានានូវសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រទេសទាំងអស់ ពង្រឹងសន្តិសុខ និងវិបុលភាពក្នុងតំបន់ប្រឆាំងនឹងក្រុមប្រដាប់អាវុធ។ លោក អូស្ទីន បានបន្ថែមថា ប្រទេសទាំងនោះរួមមានសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ន័រវេស សីស្ហែល និងអេស្ប៉ាញ។
ទោះជាយ៉ាងណា ទន្ទឹមនឹងការប្រកាសនេះ គេនៅមិនទាន់ដឹងច្បាស់ថា តើប្រទេសទាំងនោះមានឆន្ទៈធ្វើដូចអ្វី ដែលយោធាអាមេរិកបានធ្វើនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទេ ដូចជាបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ក្រុមហ៊ូធី និងប្រញាប់ប្រញាល់រកជំនួយសម្រាប់នាវាពាណិជ្ជកម្ម ដែលបានរងការវាយប្រហារទាំងនោះ។
ក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន គាំទ្រដោយអ៊ីរ៉ង់ នៅមួយរយៈពេលចុងក្រោយនេះ បានបង្កើនការវាយប្រហារលើនាវាដឹកប្រេង កប៉ាល់ដឹកទំនិញ និងនាវាផ្សេងទៀតនៅក្នុង សមុទ្រក្រហម ដោយការណ៍នេះ បានរារាំងផ្លូវដឹកជញ្ជូនតាមសមុទ្រក្រហម ដែលតំណាងឱ្យប្រមាណ១២% នៃផ្លូវទឹកពាណិជ្ជកម្មពិភពលោក។
កាលពីថ្ងៃចន្ទកន្លងទៅនេះ យោងតាមទីបញ្ជាការកណ្តាលរបស់អាម៉េរិក ក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារលើនាវាដឹកជញ្ជូនពាណិជ្ជកម្មចំនួនពីរទៀតនៅសមុទ្រក្រហមភាគខាងត្បូង ដោយមួយ គឺជានាវាដឹកប្រេងគីមី និងប្រេង Swan Atlantic និងមួយទៀតកប៉ាល់ដឹកទំនិញ MSC Clara។ ទោះយ៉ាងណា មិនមានអ្នករងរបួសត្រូវបានរាយការណ៍ពីការវាយប្រហារនាវាទាំងពីរនេះនោះទេ។
គួរជម្រាបថា ចាប់តាំងពីសង្គ្រាមនៅហ្កាហ្សាផ្ទុះមក ក្រុមហ៊ូធីបានគម្រាមកំណត់គោលដៅលើនាវាទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមទៅកាន់ប្រទេសអ៊ីស្រាអែល ដោយមិនគិតពីសញ្ជាតិរបស់ពួកគេឡើយ ហើយបានព្រមានក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិមិនត្រូវរកស៊ីជាមួយកំពង់ផែអ៊ីស្រាអែលដាច់ខាត។
ទោះយ៉ាងណា ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិធំៗ ដូចជាក្រុមហ៊ុនប្រេងអង់គ្លេស BP ក្រុមហ៊ុនដឹកជញ្ជូនធំមួយរបស់ពិភពលោក Frontline និងក្រុមហ៊ុនតៃវ៉ាន់ Evergreen បាននិយាយថា ខ្លួនបានផ្អាកការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម និងអាចធ្វើដំណើរឆ្លងកាត់សមុទ្ររបស់ប្រទេសអាហ្វ្រិកខាងត្បូងវិញ។ ខណៈដែលផ្លូវនេះមានចម្ងាយឆ្ងាយជាង និងប្រើប្រាស់ឥន្ធនៈកាន់តែច្រើនដែរ៕