បើតាមការឲ្យដឹងពីក្រុមហ៊ុន វិធានការនេះអនុលោមទៅតាមការណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានណែនាំឲ្យប្រតិបត្តិករសេវាទូរសព្ទទាំងអស់នៅកម្ពុជា បង្កើតនិងដាក់ឲ្យប្រើប្រាស់នូវលេខកូដពិសេស *1200# ដើម្បីឲ្យអ្នកប្រើប្រាស់សេវាទូរសព្ទអាចពិនិត្យនិងកាត់ផ្ដាច់នូវកញ្ចប់សេវាកម្មនានាដែលពួកគេមិនត្រូវការ ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ក្រុមហ៊ុនមិត្តហ្វូនបានដាក់ឲ្យអតិថិជនប្រើប្រាស់នូវលេខកូដពិសេស ចំនួន ៣ គឺ *1200#, *1201# និង *1202# ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា ។
លោកបានបញ្ជាក់ថា លេខកូដ *1200# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើលនិងលុបចោលនូវកញ្ចប់សេវាកម្មនានាដែលខ្លួនមិនត្រូវការ ចំណែកឯលេខកូដ *1201# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើលទឹកប្រាក់ដែលនៅសល់ក្នុងគណនីរបស់ខ្លួន និងលេខកូដ *1202# សម្រាប់ឲ្យអតិថិជនពិនិត្យព័ត៌មានអំពីស៊ីមកាតលេខទូរសព្ទរបស់ពួកគាត់។
និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ដែលជាសេនាធិការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងមក បានបង្កើតលេខកូដពិសេស *1200# និងបានណែនាំឲ្យប្រតិបត្តិករប្រព័ន្ធទូរសព្ទចល័តនៅក្នុងស្រុក ដាក់ឲ្យអតិថិជនប្រើប្រាស់លេខកូដពិសេសនេះ ដើម្បីអនុញ្ញាតឲ្យពួកគេពិនិត្យនិងលុបចោលនូវកញ្ចប់សេវាកម្មណាដែលពួកគេមិនត្រូវការ ។ ការណែនាំនេះបានធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីសំណាក់អ្នកប្រើប្រាស់អំពីការកាត់ប្រាក់ថ្លៃសេវានានាដោយមិនបានឲ្យពួកគេដឹងមុនពីសំណាក់ប្រតិបត្តិករមួយចំនួន ។
បន្ទាប់ពីមានការណែនាំនេះពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន ដែលជាតួអង្គសំខាន់មួយនៅក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា បានចាត់វិធានការជាច្រើន ក្នុងនោះរួមទាំងវិធានការដែលតម្រូវឲ្យបុគ្គលិក ភ្នាក់ងារលក់ និងដៃគូទាំងអស់របស់មិត្តហ្វូន ធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជនឲ្យបាន ១០០% នៅមុនពេលធ្វើការលក់ដូរស៊ីមកាត ។
គួរបញ្ជាក់ថា មិត្តហ្វូន បានចូលមកវិនិយោគនិងដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ហើយសព្វថ្ងៃ បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់សេវាកម្មទូរគមនាគមន៍និង ICT នៅក្នុងប្រទេសកម្ពុជា ៕