ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានលើកឡើងថា ការជួយឲ្យក្រុមហ៊ុនជប៉ុនរើចេញពីប្រទេសចិននេះ គឺជាផ្នែកមួយនៃគម្រោងថ្មីមួយ របស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីធានាសុវត្ថិភាពខ្សែចង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើរោងចក្រផលិតក្នុងប្រទេសចិន។
សារព័ត៌មាន VN Express បានរាយការណ៍ាថា ក្រុមហ៊ុនជប៉ុនចំនួន ១៥ ដែលនឹងរើចូលវៀតណាមនោះ គឺស្ថិតនៅក្នុងចំណោមក្រុមហ៊ុនចំនួន៣០ដែលបានចុះឈ្មោះ រើរោងចក្រចេញពីប្រទេសចិន ចូលទៅកាន់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍វិញ រួមមានដូចជាប្រទេសវៀតណាម ហ្វីលីពីន ថៃ និងឡាវ។
តាមទិន្នន័យដែលបានបង្ហាញដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានឲ្យដឹងថា មានក្រុមហ៊ុនចំនួន ៦ នៃក្រុមហ៊ុនជប៉ុនទាំង ១៥ ដែលនឹងរើចូលទៅកាន់វៀតណាមនោះ គឺជាក្រុមហ៊ុនខ្នាតធំ ហើយក្រុមហ៊ុនចំនួន៩ទៀត គឺជាសហគ្រាសខ្នាតតូច និងមធ្យម។
ភាគច្រើននៃក្រុមហ៊ុនទាំងនោះ ផលិតផលិតផលសុខាភិបាល ខណៈដែលមានមួយចំនួនទៀត ផលិតគ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងទូរស័ព្ទ, ម៉ាស៊ីនត្រជាក់ ឬ ថាមពលម៉ូឌុល (Power modules)។
ទោះយ៉ាងណា មិនមានព័ត៌មានបញ្ជាក់នៅឡើយទេថា តើក្រុមហ៊ុនជប៉ុនទាំងនោះ នឹងរើផលិតកម្មរបស់ខ្លួនទាំងស្រុង ឬក៏រើផ្នែកខ្លះពីប្រទេសចិន។
មានក្រុមហ៊ុនមួយនៅក្នុងចំណោមនោះ គឺ Hoya Corporation ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំ Hard-Drive ត្រូវបានគេរំពឹងថា នឹងរើពីប្រទេសចិន ចូលទៅកាន់វៀតណាម និងឡាវ។
អង្គការពាណិជ្ជកម្មជប៉ុនបាននិយាយថា រាជរដ្ឋាភិបាលជប៉ុននឹងចំណាយប្រមាណពី ៩៣ម៉ឺនដុល្លារ ទៅដល់ ៤៦,៧ លានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុននីមួយៗក្នុងការរើផលិតកម្មចេញពីប្រទេសចិន។
ក្រៅពីក្រុមហ៊ុនទាំង៣០ ដែលនឹងរើពីចិនចូលប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះ ក៏មានក្រុមហ៊ុនជប៉ុនចំនួន៥៧ ផ្សេងទៀត រួមទាំង ក្រុមហ៊ុន Iris Ohyama Inc. ដែលជាក្រុមហ៊ុនផលិតម៉ាស និងក្រុមហ៊ុន Sharp Corp ក៏នឹងទទួលបានការឧបត្ថម្ភធនពីរដ្ឋជប៉ុន ប្រមាណ ៥៣៦ លានដុល្លារអាមេរិក ដើម្បីរើចេញពីចិនផងដែរ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg។
ជប៉ុនគឺជាអ្នកវិនិយោគធំទី៤ របស់វៀតណាម នៅក្នុងដើមទុនចុះបញ្ជី កាលពីឆ្នាំមុន បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង ហុងកុង និងសិង្ហបុរី។
ប្រភពព័ត៌មានជប៉ុន Asian Nikkei Review បានឲ្យដឹងដែរថា ក្នុងចំណោមក្រុមហ៊ុន និងគម្រោងវិនិយោគសរុបទាំង ៨៧ នោះ ដែលនឹងរើចេញប្រទេសចិននោះ គឺមានក្រុមហ៊ុនចំនួន ៣០ នឹងរើផលិតកម្មរបស់ខ្លួនពីប្រទេសចិនទៅកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍។ រីឯគម្រោងចំនួន ៥៧ទៀត នឹងរើពីចិន ទៅកាន់ជប៉ុនវិញ។ បន្ថែមពីនេះ ដើម្បីជួយឲ្យក្រុមហ៊ុនអាចរើចេញពីប្រទេសចិនបានរដ្ឋជប៉ុនបានត្រៀមថវិកាឧបត្ថម្ភធនជាង៦៥០លានដុល្លារអាមេរិកដើម្បីចំណាយលើការរើផលិតកម្មនេះ។
ទឹកប្រាក់សរុបជាង ៦៥០ លានដុល្លារអាមេរិក នៅជុំដំបូងដែលនឹងប្រើប្រាស់ឧបត្ថម្ភធនជួយឲ្យរោងចក្រជប៉ុនរើចេញពីប្រទេសចិននេះគឺបានដកចេញពីកញ្ចប់ថវិកាសរុប ២៤៣,៥ ពាន់លានយេន ដែលរាជរដ្ឋាភិបាល បានរៀបចំទុកនៅក្នុងខែមេសា។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុន ក្រោមកាលៈទេសៈធម្មតា ហើយក្រុមហ៊ុនជប៉ុនមានការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសចិន៕