របាយការណ៍ផ្លូវការពីក្រសួងទេសចរណ៍ដែលបានចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នៅរយៈពេល ៤ខែ ដើមឆ្នាំ២០២០នេះ ចំនួនទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់កម្ពុជាមានចំនួនតែប្រមាណជាង ១,១លាននាក់ប៉ុណ្ណោះ ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានរហូតដល់ទៅជាង ២,៤លាននាក់ ពោលគឺមានការធ្លាក់ចុះប្រមាណជាង ១,២លាននាក់ គិតជាអត្រាភាគរយ គឺធ្លាក់ចុះរហូតដល់ ៥២%។
បើមើលទៅលើរបាយការណ៍ បង្ហាញថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ចំនួនទេសភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះខ្លាំងជាងគេ គឺនៅក្នុងខែមេសា និងខែមីនា។ ដោយខែមេសា ធ្លាក់ចុះចំនួនទេសចរអន្តរជាតិរហូតដល់ទៅជាង ៩៩%ឯណោះ ខណៈដែលខែមីនាធ្លាក់ចុះជិត ៦៥%។
ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានបញ្ជាក់ថា ទេសចរអន្តរជាតិធ្លាក់ខ្លាំងនៅក្នុងខែមីនា និងមេសាកន្លងទៅនេះ គឺដោយសារតែអំឡុងពេលនោះ ស្ថានភាពកូវីដ-១៩នៅទូទាំងសកលោក រួមទាំងនៅកម្ពុជាផង មានករណីឆ្លងកើនឡើងច្រើន។ ពិសេសទៀតនោះ បញ្ហារីករាលដាលនេះ ក៏បានធ្វើឲ្យមានការផ្អាកជើងហោះហើរជាច្រើនផងដែរ។
បើតាមរបាយការណ៍ក្រសួងទេសចរណ៍ នៅរយៈពេល៤ខែ ដើមឆ្នាំនេះ ការធ្វើដំណើរតាមជើងហោះហើរផ្លូវអាកាសពីសំណាក់ភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ជាង ៦០% ខណៈដែលផ្លូវគោក និងផ្លូវទឹកធ្លាក់ចុះជាង៣៣%។ ក្នុងនោះដែរ ចំនួនភ្ញៀវទេសចរជនជាតិចិនដែលធ្លាប់តែឈរលំដាប់មុខគេនោះ បានធ្លាក់ចុះ៧០%។
ស្របពេលដែលចំនួនទេសចរអន្តរជាតិមានការធ្លាក់ចុះនៅប៉ុន្មានខែមកក្ដី ប៉ុន្ដែ បើតាមការអះអាងរបស់ឯកឧត្តម អ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងថា សន្ទុះទេសចរណ៍ក្នុងស្រុកវិញ នៅរយៈពេលប៉ុន្មានជាង១ខែចុងក្រោយនេះ ការធ្វើដំណើរកម្សាន្ដក្នុងស្រុកហាក់មានកំណើនផុសផុលឡើងវិញជាបណ្ដើរៗ។ អ្នកជំនាញមើលឃើញថា ការកើនឡើងនៃទេសចរក្នុងស្រុកនេះ គឺដោយសារតែបញ្ហាកូវីដ-១៩ ក្នុងប្រទេសកម្ពុជាហាក់ភាពភាពស្ងាប់ស្ងាត់ជាងមុន និងអាចគ្រប់គ្រងបាន មិនមានការឆ្លងរីករាលដាលទៅក្នុងសហគមន៍។ ទោះយ៉ាងយ៉ាងនេះក្ដី នៅរយៈពេលចុងក្រោយនេះ ការធ្វើដំណើរមកដល់នៃភ្ញៀវទេសចរអន្តរជាតិក៏ហាក់នៅមិនទាន់មានសន្ទុះឡើងវិញដែរ ដោយសារតែស្ថានភាពកូវីដ-១៩ នៅបណ្ដាប្រទេសផ្សេងៗហាក់មិនទាន់ស្ងប់ស្ងាត់នៅឡើយ ហើយការរឹតត្បិតលើការធ្វើដំណើរក៏នៅតែបន្ដមានដែរ។
ទោះយ៉ាងណា ទាំងប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ក៏មិនត្រូវភ្លេចគោលការណ៍ណែនាំ ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីចូលរួមការទប់ស្កាត់ការចម្លងមេរោគនោះដែរ។ បើតាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុក ភាគច្រើនពួកគេបាន ធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប៕