តាមរបាយការណ៍ ពីក្រុមហ៊ុន បានឲ្យដឹងថា ភាគីជាប់កិច្ចសន្យា សម្រាប់ការទិញសិទ្ធិផ្ដាច់មុខ ទៅបើកនៅកម្ពុជា និងឡាវនេះ គឺកំពុងស្ថិតនៅក្នុងដំណាក់កាលចរចា នៃកិច្ចព្រមព្រៀងទិញសិទ្ធិផ្ដាច់មុខ (Master Franchise)។ ភាគីចរចា ទាំងសងខាង ក៏បានព្រមព្រៀងគ្នាពន្យារពេលការចរចា អំពីរយៈពេល ដែលបានកំណត់ព្រមព្រៀងគ្នាផងដែរ ដោយរយៈកំណត់កាលពីខាងដើមថា នឹងព្រមព្រៀងគ្នានោះ គឺត្រូវផុតកំណត់នៅឆមាសទី ២ នៃឆ្នាំ២០១៩នេះ។
យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុន CP All PLC នឹងជូនដំណឹងនៅពេលក្រោយទៀត ប្រសិនបើមានការប្រែប្រួលអ្វីថ្មី។ នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ក្រុមហ៊ុន។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន CP ALL PLC នៅពេលចាប់ផ្ដើមបើកឲ្យជួញដូរ នៅថ្ងៃទី ១ ខែ កក្កដា មានការកើនឡើង ០,២៥ បាត ដែលមានតម្លៃជួញដរ ៨៦,២៥ បានក្នុងមួយហ៊ុន។
តាមការចាត់ចំណាត់ថ្នាក់ដោយ គេហទំព័រ Entrepreneur បានបង្ហាញថា ហាង 7-Eleven បានស្ថិតនៅក្នុងលំដាប់លេខរៀងទី១០ នៃកំពូលម៉ាក Franchise របស់ពិភពលោក នៅឆ្នាំ ២០១៩។ ហាងនេះ បានចេញលក់សិទ្ធិអាជីវកម្មបន្ត (Franchise) តាំងពីឆ្នាំ ១៩៦៤ មកម្ល៉េះ ពេលគឺមានរយៈពេល៥៥ឆ្នាំហើយ។ តាមគេហទំព័រដដែលនេះ បានឲ្យដឹងថា ដើម្បីអាចបើកហាង 7-Eleven មួយបាន ចាំបាច់ត្រូវការដើមទុនវិនិយោគ ប្រមាណជិត ៥ម៉ឺន ទៅជាង ១លានដុល្លារ។
សូមជម្រាបថា 7-Eleven មានមូលដ្ឋានដើមនៅសហរដ្ឋអាមេរិក និងមានសាខារបស់ខ្លួនសរុបជាង ៦ម៉ឺនកន្លែងនៅទូទាំងពិភពលោក។ ក្នុងនោះហាង 7-Eleven បានចូលមកក្នុងប្រទេសថៃ តាំងពីឆ្នាំ ១៩៨៩ មកម្ល៉េះ ខណៈដែលបច្ចុប្បន្ន មានសាខាសរុបប្រមាណជាង ១ម៉ឺនកន្លែង និង ៥០% មានទីតាំងនៅក្នុងទីក្រុងបាងកក។
កាលពីឆ្នាំកន្លងទៅនេះដែរ ហាងលក់ទំនិញម៉ាក Franchise ដែលមានលក្ខណៈស្រដៀងនឹង 7-Eleven ដែរនោះ គឺហាង Circle K ក៏បានចូលមកកាន់ទីផ្សារកម្ពុជារួចទៅហើយ ខណៈដែលបច្ចុប្បន្ន បាននិងកំពុងពង្រីកខ្លួនជាច្រើនសាខាផងដែរ។
គេមិនទាន់ដឹងនៅឡើយទេថា តើហាង 7-Eleven នឹងមានយុទ្ធសាស្ត្រ និងលក្ខណៈពិសេសអ្វីខ្លះ ដើម្បីចូលមកប្រជែងទីផ្សារលក់រាយនៅកម្ពុជា ព្រោះ បច្ចុប្បន្នកម្ពុជា មានតែរាជធានីភ្នំពេញមួយប៉ុណ្ណោះ ដែលមានសក្ដានុពលសម្រាប់ការពង្រីកសាខាបានច្រើន ប៉ុន្ដែ បច្ចុប្បន្នចំនួន ផ្សារទំនើប និងហាងលក់រាយខ្នាតតូចៗ ជាច្រើនក៏បានឈរជើងចាក់ស្រែះទីផ្សាររួចទៅហើយ៕