បើតាមគម្រោង ហាងទំនិញ 7-Eleven ដំបូងបំផុត នឹងបើកនៅរាជធានីភ្នំពេញ នៅឆ្នាំ២០២១។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិអាជីវកម្មលើហាងទំនិញប្រ៊ែន 7-Eleven គឺក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP ALL Public Company Limited របស់ប្រទេសថៃ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់ក្រុមហ៊ុន 7-Eleven នៅសហរដ្ឋអាមេរិក។
កាលពីឆ្នាំ១៩៨៨ ក្រុមហ៊ុន CP ALL បានត្រូវបង្កើតឡើងដើម្បីគ្រប់គ្រងនិងដំណើរការហាងទំនិញ Seven-Eleven នៅក្នុងប្រទេសថៃ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណផ្ដាច់មុខពីក្រុមហ៊ុន 7-Eleven Inc។ ហាងទំនិញ 7-Eleven ដំបូងគេបំផុតនៅប្រទេសថៃ បើកនៅឆ្នាំ១៩៨៩ នៅទីក្រុងបាងកក ហើយសព្វថ្ងៃ CP ALL ដំណើរការហាងទំនិញជិត ១ម៉ឺន ២ពាន់កន្លែង ទូទាំងប្រទេសថៃ និងជាប់លេខពីរជាប្រទេសដែលមានហាងទំនិញ 7-Eleven ច្រើនជាងគេបំផុត នៅលើពិភពលោក បន្ទាប់ពីប្រទេសជប៉ុន។
ហាងទំនិញ 7-Eleven បានដំណើរការជោគជ័យនៅក្នុងប្រទេសថៃ ជាង ៣០ឆ្នាំមកហើយ ហើយយីហោ 7-Eleven បានក្លាយជាផ្នែកមួយនៃវប្បធម៌របស់ថៃទៅហើយ។ ក្រៅពីលក់គ្រឿងហូប ភេសជ្ជៈ អាហារសម្រន់គ្រប់ប្រភេទ ហាង 7-Eleven ក៏មានផ្ដល់សេវាហិរញ្ញវត្ថុ ដូចជា សេវាធនាគារ និងការទូទាត់វិក្កយបត្រ បច្ចេកវិទ្យាឌីជីថល និងការដឹកជញ្ជូនទំនិញដល់ផ្ទះ ផងដែរ ដែលសេវាទាំងអស់នេះ ក៏នឹងនាំមកកម្ពុជា ដូចគ្នាដែរ ។
បើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងក្លាយជាប្រទេសទី១៩ ដែលនឹងមានវត្តមានហាងទំនិញ 7-Eleven។ ប្រទេសនិងតំបន់ផ្សេងទៀត រួមមាន សហរដ្ឋអាមេរិក, កាណាដា, មិចស៊ិក, ជប៉ុន, ថៃ, កូរ៉េខាងត្បូង, តៃវ៉ាន់, ចិន (រួមទាំង ហុងកុង), ហ្វ៊ីលីពីន, អូស្រ្តាលី, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, អារ៉ាប់រួម, ន័រវ៉េ, ស៊ុយអែត, ដាណឺម៉ាក និង ឥណ្ឌា៕