លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងថា តាមរយៈកិច្ចសហការរវាងធនាគារ ABA និងក្រុមហ៊ុន Manulife នាពេលថ្មីៗនេះ នឹងបើកឱកាសឲ្យអ្នកប្រើប្រាស់សេវាធនាគារ ABA អាចបង់បុព្វលាភធានារ៉ាប់រងតាមរយៈកម្មវិធីទូរស័ព្ទ ABA Mobile បានដោយឥតគិតថ្លៃ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
លោក Robert បន្ថែមទៀតថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ABA បានក្លាយជាដៃគូចែកចាយផលិតផលធានារ៉ាប់រងតាមធនាគារចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ ហើយតាមរយៈកិច្ចសហការដ៏ល្អនេះ បានផ្ដល់នូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតប្រកបដោយគុណភាពខ្ពស់ជូនដល់ក្រុមគ្រួសារកម្ពុជាជាច្រើនទូទាំងប្រទេស។ អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Manulife រូបនេះ ជឿជាក់ថា សមិទ្ធផលកិច្ចសហការថ្មីជាមួយនឹងធនាគារ ABA នេះ នឹងផ្ដល់បទពិសោធន៍កាន់តែល្អប្រសើរបន្ថែមទៀតជូនដល់អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទ ABA Mobile ខណៈបច្ចុប្បន្នមានអ្នកប្រើប្រាស់ជាង ៤០ ម៉ឺននាក់។
ជាមួយគ្នានេះ លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA បានគូសបញ្ជាក់ដែរថា នៅលើមាគ៌ាវឌ្ឍនភាពឌីជីថលរបស់ខ្លួន ធនាគារ ABA ទុកផលប្រយោជន៍អតិថិជន នៅត្រង់ចំណុចកណ្ដាល នៃសកម្មភាពនានារបស់ខ្លួន។ ហើយនេះ ក៏ជាមូលហេតុដែល ធនាគារមួយនេះ ដាក់ឲ្យប្រើប្រាស់មុខងារបង់បុព្វលាភរ៉ាប់រងតាម ABA Mobile ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចបង់ថ្លៃសេវារ៉ាប់រងពីផ្ទះ ឬកន្លែងធ្វើការ បានយ៉ាងងាយស្រួល។
លោក Askhat បានសង្កត់ធ្ងន់ថា ការចាប់ដៃគ្នាជាមួយក្រុមហ៊ុន Manulife នេះ នឹងនាំមកនូវភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន ABA និងមេនូឡាយហ្វ៍ ហើយ ក៏រួមចំណែកជំរុញកម្ពុជាឆ្ពោះទៅរកសង្គមទំនើប ដែលមានការទូទាត់បែបឌីជីថល មិនចាំបាច់ប្រើប្រាស់សាច់ប្រាក់។
សូមបញ្ជាក់ថា សម្រាប់ទីផ្សារនៅកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រង Manulife បច្ចុប្បន្ននេះ កំពុងការពារអនាគតហិរញ្ញវត្ថុជូនប្រជាជនជាង ១០ ម៉ឺននាក់ជាមួយ នឹងទឹកប្រាក់ធានាសរុបជាង ២ ពាន់លានដុល្លារអាមេរិក។
ដោយឡែក ធនាគារ ABA វិញ គិតមកដល់ត្រឹមថ្ងៃទី ៣០ ឧសភា ២០១៩ មានទ្រព្យសកម្មសរុបចំនួន ៣,៣៦ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យធនាគារមួយនេះ បានក្លាយជាធនាគារ ធំទីបីនៅក្នុងប្រទេសកម្ពុជា៕