
ក្នុងឱកាសនោះ លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា អំណោយមាន គ្រឿងបរិភោគ និងថវិកា ដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់គណៈគ្រប់គ្រង និងមន្ត្រីនិយោជិត នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ការបរិច្ចាគនេះ គឺដោយសទ្ធាជ្រះថ្លា ក្នុងការចែករំលែក ការជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រ គ្រាលំបាក។

ក្នុងឱកាសនោះដែរលោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់គណៈគ្រប់គ្រង និងមន្ត្រី និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺសបញ្ជាក់ពីទឹកចិត្តដ៏សប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងសហគមន៍។

ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវអំណោយទាំងនេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
អំណោយដែលបានទទួលរួមមាន៖ អង្ករ ១០តោន មី ២២០កេស ត្រីខ ៥០យួរ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ និងថវិកា ៣,០០០ដុល្លារអាមេរិក៕