កំណើនលូតលាស់នៃប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដានេះ ត្រូវបានលោកបណ្ឌិត អ៊ិន ចាន់នី គូសបញ្ជាក់ថា គឺដោយសារតែទីផ្សារនៃវិស័យធនាគារមានភាពអំណោយផលល្អ ស្របទៅនឹងការរក្សាបាននូវកំណើនសេដ្ឋកិច្ច សង្គម និងនយោបាយល្អ។
កាលត្រីមាសទី១ ដើមឆ្នាំ២០១៩ កន្លងទៅ លោកបណ្ឌិត អ៊ិន ចាន់នី ធ្លាប់បានបញ្ជាក់ថា អេស៊ីលីដា រំពឹងប្រាក់ចំណេញនៅឆ្នាំ២០១៩នេះ ក្នុងទំហំទឹកប្រាក់ ១០០ លានដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៨ ប្រាក់ចំណេញរបស់ធនាគារនេះ មាន៨៤លានដុល្លារអាមេរិក។
លោក បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាន៍យ៉ាងដូច្នេះថា «ធនាគារ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច បើអញ្ចឹងកាលណាសេដ្ឋកិច្ច លូតលាស់ ធនាគារលូតលាស់។ អញ្ចឹងមកដល់ឆ្នាំ២០១៩នេះ មកដល់ខែ៩ វាមាន៣ត្រីមាសហើយ យើងនៅសល់តែ១ត្រីមាស យើងនឹងបញ្ចប់ឆ្នាំ២០១៩ ឆ្លងទៅឆ្នាំ២០២០។ ខ្ញុំចង់បញ្ជាក់យ៉ាងខ្លីថា សុខភាពក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារនេះ គឺមានសុខភាពល្អ ពិសេសធនាគារអេស៊ីលីដា»។
រាប់ចាប់ពីដើមឆ្នាំ មកទល់នឹងខែកញ្ញាកន្លងទៅនេះ ធនាគារអេស៊ីលីដា បានផ្ដល់ឥណទានជូនអតិថិជនប្រមាណ ៣.៦០០ លានដុល្លារអាមេរិក ស្មើនឹងជាង៩០% នៃផែនការកំណត់ ខណៈដែលទំហំប្រាក់បញ្ញើសន្សំវិញមានប្រមាណ៤.២០០លានដុល្លារអាមេរិក ដែលមានប្រមាណជាង ៩០% នៃផែនការដូចគ្នាដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត អ៊ិន ចាន់នី។
ទន្ទឹមនឹងការរក្សាបាននូវភាពរឹងមាំក្នុងវិស័យធនាគារ និងហិរញ្ញនេះដែរ គេក៏សង្កេតឃើញផងដែរថា ការប្រកួតប្រជែងក្នុងវិស័យនេះ ក៏មានកាន់តែខ្លាំងក្លាឡើង តួយ៉ាង មានធនាគារក្នុងស្រុកថ្មីៗ និងធនាគារពីបរទេសផង បានបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់។
លោកបណ្ឌិត អ៊ិន ចាន់នី លើកឡើងថា ដ្បិតតែធនាគារកើតច្រើន ក៏ពិតមែន ប៉ុន្ដែការប្រកួតប្រជែងក្នុងវិស័យនេះ គឺប្រព្រឹត្តិទៅដោយវិជ្ជមាន មិនមែនជាការប្រកួតប្រជែងគ្នាស្លាប់រស់នោះឡើយ ពោលគឺវិស័យធនាគារ និងហិរញ្ញវត្ថុមានការបំពេញបន្ថែមទៅឲ្យគ្នាទៅវិញទៅមក គឺមានន័យថា រួមរស់ជាមួយគ្នា ដើម្បីរីកចម្រើនទាំងអស់គ្នា។លោក បណ្ឌិត អ៊ិន ចាន់នី បញ្ជាក់យ៉ាងដូច្នេះ «នៅក្នុងវិស័យហិរញ្ញវត្ថុ ខ្ញុំមិនដែលឃើញមានទាល់តែសោះ សូម្បីតែការផ្សាយពាណិជ្ជកម្ម ក៏មិនដែលបង្អាប់គ្នាដែរ ... ព្រោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុហ្នឹង ត្រូវការរួមរស់ រួមរស់ជាមួយគ្នា រួមសុខជាមួយគ្នា។ រួមសុខយ៉ាងម៉េច? បើស្ថាប័នមួយត្រូវការមូលនិធិ ស្ថាប័នដែលសម្បូរមូលនិធិហ្នឹងអាចដាក់នៅធនាជាតិក៏បាន អាចបំពេញទៅឲ្យស្ថាប័នផ្សេងទៀតក៏បាន ដូចថា បំពេញឲ្យគ្នាទៅវិញទៅមក។ ព្រោះយើងបំពេញកាតព្វកិច្ចសម្រាប់បង់ការប្រាក់ទៅឲ្យម្ចាស់ប្រាក់បញ្ញើ អញ្ចឹងថាតើ យើងយកមូលនិធិដែលសល់ហ្នឹង យកទុកឱបនៅនឹងខ្លួនធ្វើអី? សល់យើងអាចដាក់នៅធនាគារជាតិ ហើយលើសពីនោះ យើងអាចដាក់នៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃ ដើម្បីយើងអាចទទួលបានអត្ថប្រយោជន៍តាមរយៈការប្រាក់ដែលគេផ្ដល់ឲ្យយើងផង ដើម្បីឲ្យស្ថាប័ននោះយើងទៅប្រើប្រាស់បន្ដ»។
របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់ធនាគារជាតិបង្ហាញទៀតថា ទ្រព្យសកម្មរបស់វិស័យធនាគារ និងហិរញ្ញវត្ថុបានកើនឡើងជាង ១៩ភាគរយ ស្មើនឹង ១៦៦ភាគរយ នៃផលទុនជាតិសរុប ខណៈឥណទានស្មើនឹង ១០៣ភាគរយ និងប្រាក់បញ្ញើមាន ៩២ភាគរយនៃផលទុនជាតិសរុប។ បើក្រឡេកមើលពីគុណភាពនៃសំពៀតឥណទានវិញបានបន្តស្ថិតក្នុងស្ថានភាពល្អ ដោយអនុបាតឥណទានមិនដំណើរការមានកម្រិត ២,៣ភាគរយសម្រាប់គ្រឹះស្ថានធនាគារ និង ១,១ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
របាយការណ៍ធនាគារជាតិ បានឲ្យដឹងទៀតថា បច្ចុប្បន្ន ធនាគារពាណិជ្ជចំនួន ៤៤ ធនាគារឯកទេស១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឯកជនមានចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៤ គ្រឹះស្ថានឥណទានជនបទចំនួន ២៥១ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន ១៥ គ្រឹះស្ថានផ្តល់សេវាទូទាត់ចំនួន ១៦ ការិយាល័យតំណាងធនាគារបរទេសចំនួន ៥ និងអាជីវកម្មប្តូរប្រាក់ចំនួន ២.៧៩៩៕