លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា ការលូតលាស់ឥណទានរបស់ធនាគារអេស៊ីលីដា នៅក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ គឺដោយសារតែមានការចូលរួមមួយភាគធំពីកំណើនឥណទានក្នុងវិស័យកសិកម្ម ដ្បិតថាវិស័យនេះ ជាវិស័យមួយដែលមានការរងផលប៉ះពាល់តិចតួចពីកូវីដ-១៩ ហើយនៅតែរក្សាបានកំណើនល្អនៅឆ្នាំ២០២០។
លោកបណ្ឌិត អុិន ចាន់នី ឡើកឡើងយ៉ាងដូច្នេះថា «សម្រាប់ឆ្នាំ២០២០ហ្នឹង ក្នុងវិស័យឥណទានហ្នឹងលូតលាស់ប្រមាណជាប្រហែលជា ១៥% ច្រើនជាងឆ្នាំធម្មតា ហើយវិស័យទាំងមូលក៏អញ្ចឹងដែរ។» លោកបន្ថែមថា «ហេដ្ឋរចនាសម្ព័ន្ធរបស់យើងហ្នឹងឯង ដែលយើងអាចគាំទ្រដល់ការលូតលាស់ក្នុងវិស័យកសិកម្មហ្នឹងខ្លាំង ព្រោះឥណទានក្នុងវិស័យកសិកម្មរបស់ធនគារអេស៊ីលីដាហ្នឹងមានប្រមាណជា ២០% នៃឥណទានសរុបឯណោះ។»
លោក បណ្ឌិត អុិន ចាន់នី បានគូសបញ្ជាក់ថា ឥណទានសរុបកាលពីឆ្នាំ២០១៩មានដល់ទៅ ៤ពាន់៣រយលានដុល្លារ។ លោកបណ្ឌិតបន្ថែមថា ឥណទានក្នុងវិស័យកសិកម្មមានការលូតលាស់នៅឆ្នាំ២០២០ ដោយសារតែវិស័យកសិកម្មជាវិស័យមួយដែលរងផលប៉ះពាល់តិចតួចដោយសារតែកូវីដ-១៩ ហើយបើមើលទៅលើរបាយការណ៍នាំចេញផលិតផលកសិកម្មនៅតែមានកំណើនល្អ។
លោកបណ្ឌិត អុិន ចាន់នី បានលើកឡើងថា បើ ដោយ ផ្អែកទៅតាមរបាយការណ៍ពី ការិយាល័យឥណទានកម្ពុជាបង្ហាញថា ការលូតលាស់របស់វិស័យធនាគារ និងហិរញ្ញវត្ថុជារួម នៅឆ្នាំ២០២០ គឺមានមិនក្រោម២០% នោះទេ បើទោះបីជាពេញមួយឆ្នាំកន្លងមកនេះ មានមេរោគកូវីដ-១៩ តាមវាយប្រហារយ៉ាងណាក្ដី៕