
បើតាមកាឲ្យដឹងពីលោកបណ្ឌិត អ៊ិន ចាន់នី និងលោក ភីធើ បេនិន សកម្មភាពមនុស្សធម៌របស់អង្គការនេះ នឹងគ្របដណ្តប់លើប្រទេសកម្ពុជាទាំងមូល ប៉ុន្តែជាដំបូង គឺផ្តោតលើតំបន់ក្រីក្រនៅឆ្ងាយដាច់ស្រយាលដែលស្ថិតនៅក្នុងខេត្តចំនួន៤ គឺខេត្តឧត្តរមានជ័យ រតនគិរី មណ្ឌលគិរី និងព្រះវិហារ។
អង្គការនេះមានផែនការឧបត្ថម្ភ និងសាងសង់អគារសិក្សាបឋមសិក្សាជាច្រើនក្នុង ១ឆ្នាំៗនៅតាមតំបន់នានាដែលស្ថិតនៅក្នុងភូមិសាស្រ្តគោលដៅរបស់ខ្លួន តាមលទ្ធភាពមូលនិធិរបស់ខ្លួន។ ជាអប្បបរមាអង្គការនេះ នឹងធ្វើការសាងសង់អគារសិក្សាយ៉ាងតិច២ ឬ ៣ក្នុង ១ឆ្នាំ។
លោក ភីធើ បេនិន ស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការនេះ បានលើកឡើងថា «អ្វីដែលសំខាន់បំផុតសម្រាប់ឪពុកម្តាយក្នុងការផ្តល់ជូនដល់កូនគឺ សេចក្តីស្រឡាញ់ និងការអប់រំល្អ។ សម្រាប់អង្គការនេះ គឺចង់ជួយឪពុកម្តាយសិស្សានុសិស្សដើម្បីផ្តល់ការអប់រំដល់កូនៗរបស់ពួកគាត់។ ការអប់រំនឹងជួយកសាង និងពង្រីកគុណភាពជីវិតរបស់ពួកគាត់ និងជួយអភិវឌ្ឍគ្រឹះធនធានមនុស្សឱ្យប្រសើរឡើង ប្រកបដោយការយកចិត្តទុកដាក់ និងនិរន្តរភាពសង្គម»។

បច្ចុប្បន្ន អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បាននិងកំពុងឧបត្ថម្ភ និងសាងសង់អគារសិក្សាបឋមសិក្សាចំនួន ២2ខ្នង ស្របតាមប្លង់របស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងរតនគិរី។ អគារសិក្សា ១ខ្នងៗមានចំនួន ៥បន្ទប់ ជាមួយបន្ទប់អនាម័យដែលអាចផ្ទុកសិស្សបានយ៉ាងតិច ១០០នាក់៕
