ការបង់ពន្ធ គឺជាកាត្វកិច្ចរបស់ពលរដ្ឋ និងម្ចាស់អាជីវកម្មត្រូវអនុវត្តស្របទៅតាមច្បាប់ជាធរមាន ហើយនាពេលបច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែជឿនលឿននោះ ការបង់ពន្ធគយ នាំចេញ-នាំចូល លោកអ្នកមិនចាំបាច់ទៅបង់ដោយផ្ទាល់ដល់កន្លែងទៀតនោះទេ ពោលគឺ លោកអ្នកអាចប្រើប្រាស់អេស៊ីលីដាម៉ូបាល ឬអេស៊ីលីដាអ៊ីនធើណែត សម្រាប់បង់ពន្ធនេះបានយ៉ាងស្រួល និងអាចធ្វើបាននៅគ្រប់ពេលវេលា។
ធនាគារ អេស៊ីលីដា បានបោះពុម្ពបណ្ណ អេធីអឹម អេស៊ីលីដា ចំនួន១,៧២លានប័ណ្ណជូនដល់អតិថិជន។ បន្ថែមលើនេះ អេស៊ីលីដាម៉ូបាល បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងដែលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង២,៦០លាននាក់ នៅដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ ដែលអាចជួយឲ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ច។
សូមបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលពន្ធ និងអាករសរុបបានដល់ប្រមាណជិត១ពាន់៣រយលានដុល្លារ។ ក្នុងនោះ ពន្ធគយ (នាំចូល) មានប្រហែល២៤០លានដុល្លារ កើនឡើងជិត១៧% ខណៈអាករនាំចេញវិញមានជាង៦លានដុល្លារ។ ដោយឡែក អាករពិសេស (របបនាំចូល) មានជាង៤៨០លានដុល្លារ។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕