ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាក្រុមហ៊ុនមេរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានអភិវឌ្ឍប្រព័ន្ធអេស៊ីលីដាទាន់ចិត្តដែលជាប្រព័ន្ធធនាគារចល័តរបស់ខ្លួន ដោយអនុញ្ញាតឲ្យវិនិយោគិនទាំងអស់ ដែលមានគណនីជួញដូរនៅ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬក្រុមហ៊ុនមូលបត្រដទៃទៀតដែលជ្រើសរើសធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ អាចភ្ជាប់គណនីជួញដូររបស់ខ្លួន ជាមួយអេស៊ីលីដាទាន់ចិត្ត ដែលជួយឲ្យវិនិយោគិនទាំងនោះ អាចផ្ទេរប្រាក់ពីគណនីទាន់ចិត្ត ឬ/និង គណនីធនាគារ ទៅគណនីជួញដូររបស់ខ្លួន និងអាចផ្ទេរប្រាក់ពីគណនីជួញដូររបស់ខ្លួនមកគណនីទាន់ចិត្ត ឬ/និងគណនីធនាគារវិញបាន ព្រមទាំងអាចពិនិត្យមើលរបាយការណ៍សាច់ប្រាក់សង្ខេប និងសមតុល្យសាច់ប្រាក់ក្នុងគណនីជួញដូរតាមប្រព័ន្ធអេស៊ីលីដាទាន់ចិត្ត បានគ្រប់ពេលវេលា និងទីកន្លែង ដោយពុំមានកម្រៃសេវា ។
លោក ព្រំ វិសុទ្ធ អគ្គនាយក អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា ភាពងាយស្រួលនៃប្រព័ន្ធតភ្ជាប់នេះ នឹងធ្វើឲ្យមានកំណើនប្រតិបត្តិការជួញដូរភាគហ៊ុន នៅលើទីផ្សារមូលបត្រកម្ពុជា និងធ្វើឲ្យមូលធនទីផ្សារកាន់តែមានទំហំធំ ប្រកបដោយសន្ទនីយភាពខ្ពស់ អាចទាក់ទាញក្រុមហ៊ុន ដែលមិនទាន់សម្រេចចិត្តបោះផ្សាយ ពិចារណាបោះផ្សាយមូលបត្ររបស់ខ្លួននៅលើទីផ្សារមូលបត្រកម្ពុជា ដើម្បីប្រមូលសាច់ប្រាក់សំបូរបែប មានថ្លៃដើមទាប និងរយៈពេលយូរ មកប្រើប្រាស់ក្នុងការពង្រីក និងគាំទ្រឱកាសរីកចម្រើននៃអាជីវកម្មរបស់ខ្លួន ។
លោកអគ្គនាយក បន្ថែមថា ប្រព័ន្ធតភ្ជាប់នេះ អាចជួយវិនិយោគិនធ្វើការផ្ទេរប្រាក់ពីគណនីទាន់ចិត្ត ឬ/និងគណនីធនាគារ ទៅគណនីជួញដូររបស់ខ្លួន បានទាន់ពេលវេលា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីឆក់យកឱកាសចំណេញក្នុងការទិញភាគហ៊ុននៃក្រុមហ៊ុនបោះផ្សាយណាមួយនៅលើទីផ្សារមូលបត្រកម្ពុជា៕