បើតាមការអះអាងពីលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលជាតំណាងលក់គម្រោងផ្ទះតម្លៃសមរម្យនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្នលំនៅដ្ឋាននេះ មានអ្នកទិញលើសពី៥០% ជាមន្ត្រីរាជការ ហើយបច្ចុប្បន្នបានលក់អស់មួយចំនួនហើយ។ លោកឧកញ៉ា បន្ថែមថា កន្លងមកមានសាធារណៈជន មួយចំនួនបានយល់ច្រឡំថា គម្រោងនេះ ជារបស់រដ្ឋ ប៉ុន្ដែលោកឧកញ៉ា នួន រិទ្ធី សូមបញ្ជាក់ជាថ្មីម្ដងទៀតថា គម្រោងនេះ ជារបស់ឯកជន វិនិយោគដោយក្រុមហ៊ុនឯកជន គឺក្រុមហ៊ុន World Bridge Home ១០០% គ្មានការបណ្ដាក់ទុនជាមួយរាជរដ្ឋាភិបាលនោះឡើយ។
លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន World Bridge Home បានលើកឡើងថា ដ្បិតថាគម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ ជារបស់ក្រុមហ៊ុនឯកជនក៏ពិតមែន ប៉ុន្ដែក៏មានការគាំទ្រ និងកិច្ចសហការមួយចំនួន ជាមួយនឹងរាជរដ្ឋាភិបាលផងដែរ ដូចជា ផ្នែកបច្ចេកទេស ប្រព័ន្ធផ្លូវច្បាប់ និងការលើកលែងពន្ធមួយចំនួនទៀតជាដើម។
ជាមួយគ្នានេះដែរ អតិថិជនដែលបានមកទិញផ្ទះតម្លៃសមរម្យនេះ បានលើកឡើងប្រាប់ខេមបូណូមីសថា សម្រាប់តម្លៃ និងគុណភាពលំនៅដ្ឋាន គឺពួកគាត់អាចទទួលយកបាន បើសិនជាការសាងសង់ដូចផ្ទះគំរូរបស់ក្រុមហ៊ុនមែន។ រីឯ ការបង់ប្រាក់ ក៏មានលក្ខណៈមួយសមរម្យដែរ បើធៀបនឹងគម្រោងលំនៅដ្ឋានឯកជនផ្សេងៗ សម្រាប់លទ្ធភាពពួកគាត់ក្នុងការទិញលំនៅដ្ឋានផ្ទាល់ខ្លួនរស់នៅ។
សូមជម្រាបថា គម្រោងផ្ទះតម្លៃសមរម្យមួយនេះបាននិងកំពុងអភិវឌ្ឍនៅលើផ្ទៃដីជាង២០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ។ ហើយបើតាមការអះអាងពីតំណាងក្រុមហ៊ុន គម្រោងនេះ នឹងត្រូវបើកការដ្ឋានបុកគ្រឹះសាងសង់នៅខែក្រោយនេះ ខណៈដែលតម្លៃកំពុងលក់នាពេលបច្ចុប្បន្ននេះ មានចាប់ពី ២៥ ០០០ ដុល្លារ ដល់៣៥ ០០០ ដុល្លារអាមេរិក៕