ជាក់ស្ដែង នៅខែវិច្ឆិកាខាងមុខនេះ រដ្ឋាភិបាលថៃនឹងបើកខេត្ត-ក្រុងចំនួន ៥បន្ថែមទៀត ដើម្បីទទួលទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច បន្ទាប់ពីគម្រោងបើកកោះភូកេតអនុវត្តបានជាង ៣ខែ ទទួលបានទេសចរបរទេសជាង ៤ម៉ឺននាក់ ដែលបានផ្ដល់ចំណូលសម្រាប់សេដ្ឋកិច្ចប្រមាណ ៦០លានដុល្លារអាមេរិក។នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍។
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ថាណាខន បាននិយាយថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុត ចាន់អូចា បានសាទរចំពោះភាពជោគជ័យនៃ គម្រោងបើកកោះភូកេត នាពេលកន្លងមក ដោយគម្រោងនេះ បានចាប់ផ្ដើមឡើងដំបូងតាំងពីដើមខែកក្កដាមកម្ល៉េះ ដោយបានផ្ដល់ប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចថៃ ដល់ទៅជាង៦០លានដុល្លារអាមេរិក ជាមួយនឹងចំនួនភ្ញៀវទេសចរបរទេសសរុបប្រមាណ ជាង៤ម៉ឺន៣ពាន់នាក់។ តាមរយៈបទពិសោធន៍បើកកោះភូកេតនាពេលកន្លងមកនេះ ភ្ញៀវទេសចរបរទេស ដែលថៃទទួលបាន ភាគច្រើនមកពី អាមេរិក, អ៊ីស្រាអែល, អង់គ្លេស,អាល្លឺម៉ង់ និង បារាំងជាដើម។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ ក្រោយពីភាពជោគជ័យ លើគម្រោងបើកោះកូកេតនេះ រាជរដ្ឋាភិបាលថៃ គ្រោងនឹងបើកខេត្ត-ក្រុងចំនួន ៥បន្ថែមទៀត ដើម្បីទទួលទេសចរបរទេស រួមមាន ក្រុងបាងកក, ខេត្តឈៀងម៉ៃ, ខេត្តប្រាឈួបគិរីកាន, ភីតឆាបុរី, និង ឈុន បុរី ជាដើម។ ប៉ុន្ដែ ការបើកនេះ មិនមែនបើកខេត្តទាំងមូលនោះទេ គឺបើកតែតាមស្រុកសំខាន់ៗនៅក្នុងខេត្តនោះ ដែលមិនមានការផ្ទុះរាលដាលកូវីដ១៩ខ្លាំងតែប៉ុណ្ណោះ។
តាមរយៈការបើកទិសដៅបន្ថែមដើម្បីទទួលទេសចរបទេសបានចាក់វ៉ាក់សាំងនេះ រាជរដ្ឋាភិបាលថៃ រំពឹងថា នៅឆ្នាំក្រោយនេះ នឹងអាចទទួលបានភ្ញៀវទេសចរបរទេសប្រហែល ១៥លាននាក់ ជាមួយនឹងប្រាក់ចំណូលប្រមាណ ជាង៤៤ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រហែល ពាក់កណ្ដាល នៃប្រាក់ចំណូលដែលទទួលបានកាលពីឆ្នាំ២០១៩ ដែលជាពេលវេលាកូវីដ១៩ មិនទាន់មានការផ្ទុះរាលដាលខ្លាំង។
សូមបញ្ជាក់ថា ស្ថានភាពកូវីដ១៩ នៅថៃ នៅតែមានករណីឆ្លងធ្ងន់ធ្ងរនៅឡើយ ដោយចំនួនអ្នកឆ្លងក្នុងមួយថ្ងៃនៅតែមានជាង១ម៉ឺនករណី។ ជាក់ស្ដែង តួលេខកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ បង្ហាញថា ថៃមានករណីឆ្លងថ្មីជាង ១ម៉ឺននាក់ និងករណីស្លាប់មាន៨៤នាក់ ដែលនាំឲ្យតួលេខឆ្លងកូវីដ១៩សរុបនៅក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ បានកើនដល់ជាង ១លាន៧សែននាក់ហើយ និងអ្នកស្លាប់សរុបមានជាង ១ម៉ឺន៧ពាន់នាក់។ ដោយឡែក តួលេខពីការចាក់វ៉ាក់សាំងវិញ នៅថៃ មានប្រជាជនប្រមាណ ២៣លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ដែលស្មើនឹងជាង ៣០% នៃចំនួនប្រជាជនសរុប៕