លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា(AIB) បានឲ្យដឹងថា វិទ្យាស្ថានបានត្រៀមខ្លួនរួចជាមុនទៅហើយ សម្រាប់ការបង្រៀននិស្សិតតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធសិក្សាពីចម្ងាយនេះ។
លោកបណ្ឌិតមានប្រសាសន៍ថា« យើងធ្លាប់បានភ្ជាប់ បំពាក់ប្រព័ន្ធអនឡាញនៅក្នុងវិទ្យាស្ថានអេស៊ីលីដាហ្នឹង តាំងពីយើងចាប់ផ្តើមចូលមកដល់អគារថ្មីហ្នឹង បាទគឺនៅក្នុងឆ្នាំ២០១៨-២០១៩ ហ្នឹង គឺយើងមានហើយអនឡាញហ្នឹង គ្រាន់តែថា ជាការប្រជុំផ្ទៃក្នុង តែមិនទាន់បានបង្រៀន។ អញ្ចឹងនៅពេលដែលយើងចាប់ផ្តើមជួបបញ្ហាហ្នឹងភ្លាម យើងបានត្រៀមអនឡាញហ្នឹង ហើយយើងបានបង្រៀននិស្សិតហ្នឹងតាំងពីចុងខែ៣ឯណោះ សម្រាប់អ្នកដែលមិនទាន់ចប់ឆមាសទីមួយ»។
លោកបណ្ឌិតបានបន្តថា«យើងវិនិយោគច្រើនដែរ យើងទិញឧបករណ៍បន្ថែម ហើយយើងបន្ថែម Wifi យើងរៀបចំបន្ទប់នីមួយៗហ្នឹង។ បាទយើងចំណាយច្រើនដែរ គឺចំណាយដល់រាប់ម៉ឺនដុល្លារឯណោះ»។
តាមរយៈការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន អាចចាប់ផ្តើមបវេសនកាលនៅតាមសាលារៀងៗខ្លួនបានហើយ បន្ទាប់ពីវិស្សមកាលមុនកាលកំណត់ជាងមួយខែរួចមក។ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ នៅតែបន្តអូសបន្លាយ បវេសនកាលសិក្សានាពេលនេះ គឺជាសិក្សាតាមប្រព័ន្ធអនឡាញ ឬហៅថាការរៀនពីចម្ងាយ។
លោក រដ្ឋ រតនៈ នាយករង និងជាប្រធានសិក្សាធិការ បានមានប្រសាសន៍ថា ថ្វីត្បិតតែការសិក្សាតាមប្រព័ន្ធអនឡាញនេះ មានលក្ខណៈថ្មីសម្រាប់កម្ពុជាមែន តែវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា AIBជឿជាក់ គុណភាពនៃសិក្សាតាមប្រព័ន្ធអនឡាញ ឬហៅថាការរៀនពីចម្ងាយរបស់វិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា AIB មិនចាញ់ការសិក្សាផ្ទាល់ក្នុងថ្នាក់រៀននោះទេ។
លោក រតនៈបានបញ្ជាក់ថា« តាមពិតបញ្ហា វាជាឱកាសមួយសម្រាប់ឲ្យនិស្សិតយើងទាំងអស់គ្នាគាត់បានChallenge new things (ប្រកួតប្រជែងជាមួយរឿងថ្មី) ពីមុនគាត់អត់ដែលឆ្លងកាត់ការរៀនអនឡាញ បញ្ហាមួយចំនួនដែលគាត់ជួបប្រទះ មិនដឹងថាដោះយ៉ាងម៉េចទេ។ អញ្ចឹងមកដល់ដំណាក់កាលនេះ យើងកំពុងត្រៀមខ្លួននៅក្នុងការដើរទាំងអស់គ្នា ហើយយើងនឹងអភិវឌ្ឍឲ្យកាន់តែល្អ ហើយយើងនឹងបង្ហាញក្រសួងថា ការបង្រៀនអនឡាញ គឺមានគុណភាព ដូចដែលបង្រៀនផ្ទាល់អញ្ចឹង»។
បើតាមលោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIB) នៅពេលដែលបញ្ហាជំងឺកូវីដ-១៩ បញ្ចប់ទៅ ហើយប្រសិនបើមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងអប់រំ នោះវិទ្យាស្ថានAIB នឹងរៀបចំឲ្យមានការសិក្សាទាំងពីរប្រភេទតែម្តង គឺសិក្សាពីចម្ងាយ និងសិក្សានៅក្នុងថ្នាក់ ដោយលោកអះអាងថា ការធ្វើបែបនេះបានស្ថិតនៅក្នុងផែនការរបស់វិទ្យាស្ថានរូចជាស្រេចទៅហើយ។ ម្យ៉ាងវិញទៀត ការបង្រៀនតាមប្រព័ន្ធអនឡាញនេះ មិនមែនសម្រាប់តែសិស្សនិស្សិតរបស់វិទ្យាស្ថាន AIBនោះទេ វិធីសាស្រ្តនេះក៏នឹងត្រូវអនុវត្តចំពោះការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា ការបណ្តុះបណ្តាលសហគ្រិន ក៏ដូចជាការបណ្តុះបណ្ដាលបុគ្គលិកអេស៊ីលីដានៅតាមបណ្តាខេត្តនានាផងដែរ៕