លោក ជីន លីឈុន (Jin Liqun) ប្រធានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB កាលពីថ្ងៃទី២៦ ខែតុលា បានរិះគន់បណ្ដាប្រទេសជឿនលឿនចំពោះការបង្កើតរបាំងពាណិជ្ជកម្ម រួមទាំងរបាំងពាណិជ្ជកម្មសម្រាប់ទំនិញថាមពលកកើតឡើងវិញផងដែរ ហើយថា ពេលនេះលែងមានពាណិជ្ជកម្មសេរីទៀតហើយសម្រាប់សេដ្ឋកិច្ចពិភពលោក។
សហរដ្ឋអាម៉េរិក កាលពីខែមុនបានប្រកាសដំឡើងពន្ធយ៉ាងខ្ពស់លើទំនិញនាំចូលរបស់ចិនរួមទាំងពន្ធ១០០% លើរថយន្តអគ្គិសនី ផងដែរ ដើម្បីការពារឧស្សាហកម្មសំខាន់ៗក្នុងស្រុកពីសមត្ថភាពផលិតកម្មខ្លាំងហួសកម្រិតដែលជំរុញដោយរដ្ឋាភិបាលចិន។ ជាមួយគ្នានេះ សហភាពអឺរ៉ុប និងប្រទេសកាណាដា ក៏បានប្រកាសដាក់ពន្ធនាំចូលថ្មីៗលើរថយន្តអគ្គិសនីរបស់ចិន ផងដែរ ដោយក្នុងនោះប្រទេសកាណាបានប្រកាសថា នឹងយកពន្ធ១០០% លើរថយន្តអគ្គិសនីចិន ឱ្យស្មើនឹងសហរដ្ឋអាម៉េរិក។
លោក ជីន លីឈុន (Jin Liqun) ប្រធានធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB បានលើកឡើងថា ជម្លោះពាណិជ្ជកម្មរវាងបណ្ដាប្រទេសជឿនលឿន និងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនឆាប់រហ័សបានកើនឡើងមួយផ្នែកដោយសារតែបណ្ដាក្រុមហ៊ុនសហគ្រាសផលិតនៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនឆាប់រហ័សបានបង្កើនការប្រកួតប្រជែងរបស់ខ្លួន ជាហេតុធ្វើឱ្យបណ្ដាប្រទេសជឿនលឿនមានការព្រួយបារម្ភខ្លាចចាញ់ប្រៀបនៅក្នុងការប្រកួតប្រជែង។
នៅក្នុងសិក្ខាសាលាធនាគារអន្តរជាតិ នៃក្រុមប្រទេស G30 លោក ជីន លីឈុន (Jin Liqun) បានថ្លែងថា ពេលនេះលែងមានពាណិជ្ជកម្មសេរីទៀតហើយសម្រាប់សេដ្ឋកិច្ចពិភពលោក ព្រោះប្រទេសនានាលែងអាចពឹងផ្អែកលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO បានតទៅទៀតហើយ។
សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ត្រួវបានបង្កើតឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅឆ្នាំ២០១៦ ដើម្បីប្រជែងនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារពិភពលោក ព្រមទាំងស្ថាប័នធនាគារពហុជាតិសាសន៍ដែលដឹកនាំដោយលោកខាងលិចផ្សេងៗទៀតផងដែរ៕
ដោយ: តែម សុខុម