អ្នកគ្រប់គ្រងជាន់ខ្ពស់នៃអាកាសយានដ្ឋានកម្ពុជា បានលើកឡើងថា កំណើននេះគឺជាមោទនភាពមួយរបស់កម្ពុជា ក្នុងការតភ្ជាប់ការធ្វើដំណើរទៅកាន់ពិភពលោក។
លោក Eric Delobel នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានលើកឡើងថា ការបំបែកនូវកំណត់ត្រាថ្មីសម្រាប់ការទទួលបានភ្ញៀវទេសចរជាង៨លាននាក់នេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីភាពទាក់ទាញរបស់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ហើយមិនត្រឹមតែជាមោទនភាពមួយរបស់ថ្នាក់ដឹកនាំនិងបុគ្គលិករបស់អាកាសយានដ្ឋានកម្ពុជាដែលបានខិតខំប្រឹងប្រែងកាលពីពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្ដែ វាគឺជាមោទនភាពមួយរបស់ប្រជាជាតិខ្មែរទាំងមូលផងដែរ។
លោក Eric Delobel ក៏បានបន្ថែមទៀតថា ក្នុងចំណោមភ្ញៀវធ្វើដំណើរមកកាន់កម្ពុជាច្រើនជាងគេ គឺភាគច្រើនបំផុតមកពីប្រទេសចិន បន្ទាប់មកអាមេរិក និងអឺរ៉ុប ជាដើម ហើយអាកាសយានដ្ឋានកម្ពុជា ពេញចិត្តនឹងស្វាគមន៍អ្នកដំណើរគ្រប់ជាតិសាសន៍ទាំងអស់។ ហើយនៅឆ្នាំក្រោយទៀតនេះ អាកាសយានដ្ឋានកម្ពុជាក៏មានគម្រោងនឹងអភិវឌ្ឍនូវសមត្ថភាព ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនទៀត ដើម្បីបំពេញជូនសេចក្ដីត្រូវការនៃការកើនឡើងអ្នកដំណើរឥតឈប់ឈរនេះផងដែរ។
បើតាមការអះអាងពីនាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាដដែល បានឲ្យដឹងដែរថា ជើងហោះហើរក្នុងមួយថ្ងៃរបស់អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា បានកើនឡើងដល់ជាង ១០០ជើងហើយក្នុងមួយថ្ងៃ ខណៈដែលមានក្រុមហ៊ុនអាកាសចរណ៍កំពុងប្រតិបត្តិការផ្ដល់សេវាហោះហើរមានជាង ៤០ក្រុមហ៊ុន។
សូមជម្រាបដែរថា កាលពីពេលកន្លងទៅនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏ទើបតែបានបើកសម្ពោធសាលថ្មីទទួលអ្នកដំណើរមកដល់ និងចេញដំណើររបស់ខ្លួន ដោយបានចំណាយទឹកប្រាក់អស់ប្រមាណ ២៦លានដុល្លារ។
សាលថ្មីនេះទៀតសោត ត្រូវបានរំពឹងថា នឹងទទួលបានអ្នកដំណើរឆ្លងកាត់ដល់ទៅ ៤លាននាក់ នៅដំណាច់ឆ្នាំនេះ និងក៏ជាការត្រៀមលក្ខណសម្បត្តិរបស់ខ្លួនមួយផងដែរ ដើម្បីទទួលអ្នកដំណើរឆ្លងកាត់រហូតដល់ទៅ ៧លាននាក់នៅឆ្នាំ២០២០ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមួយប៉ុណ្ណោះ៕