បន្ទាប់ពីបានចូលស្តាប់សវនាការលោក កឹម សុខា បន្តិចមក លោក Patrick Murphy បាននិយាយប្រាប់ក្រុមសារព័ត៌មាននៅមុខតុលាការ យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៣ ពាន់លានដុល្លារ ដល់ប្រទេសកម្ពុជា ក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ ដោយរួមទាំងជំនួយប្រកបដោយតម្លាភាព ដើម្បីពង្រឹងស្ថាប័ន និងគណបក្សនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។”
លោក Patrick Murphy បានបន្តថា “កម្មវិធីរបស់យើងគឺសម្រាប់គណបក្សនយោបាយទាំងអស់ ដោយរួមទាំងគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងប្រទេស និងស្ថាប័នជាច្រើនទៀតរបស់រដ្ឋាភិបាល។”
បច្ចុប្បន្ន សាលាដំបូងរាជធានីភ្នំពេញបាននិងកំពុងតែជំនុំជម្រះសំណុំរឿងរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ពីបទចោទប្រកាន់ថា បទក្បត់ជាតិ។
នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០នេះដែរ លោក Patrick Murphy បាននិយាយថា អាមេរិកចង់ឃើញសិទ្ធិនយោបាយរបស់លោក កឹម សុខា ត្រូវបានគេប្រគល់ឲ្យវិញ ហើយ"យើងសង្ឃឹមផងដែរថា ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមក្នុងដំណើរការនយោបាយ។"
លោក Patrick Murphy ក៏បាននិយាយផងដែរថា លោក កឹម សុខា មានកេរ្តិ៍ឈ្មោះនៅទូទាំងពិភពលោក ថា ជាអ្នកគាំទ្រសិទ្ធិនិងសេរីភាពដោយបានអះអាងជាថ្មីម្តងទៀតថា រដ្ឋាភិបាលអាមេរិក មិនដែលចង់ជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសកម្ពុជានោះទេ ។
លោក Patrick Murphy ក៏បាននិយាយថា “យើងគោរពពេញលេញចំពោះឯករាជ្យ និងអធិបតេយ្យរបស់ប្រទេសកម្ពុជា។”
លោក សុខ ឥសាន មកពីគណបក្សប្រជាជនកម្ពុជា បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០នេះ ថា ថវិកាបរទេសដល់អង្គការ គឺដើម្បីធ្វើឱ្យត្រូវតាមគោលការណ៍ “ក៏ប៉ុន្តែ បើឃុបឃិតជាមួយនឹង កឹម សុខា ជាមួយក្រុមឧទ្ទាមហ្នឹង អាហ្នឹងធ្វើម៉េច វាអត់ត្រឹមត្រូវទេ អ៊ីចឹងកន្លងទៅ រាជរដ្ឋាភិបាលអត់បានចោទរដ្ឋាភិបាលសហរដ្ឋអាមេរិកទេ តែ កឹម សុខា ទេតើ គាត់អ្នកនិយាយ”៕