ការតម្កល់ផលប្រយោជន៍អាម៉េរិកជាធំ ឬ America First នៅតែជាគោលនយោបាយអាទិភាពរបស់លោក ដូណាល់ ត្រាំ ដែលបានឡើងមកគ្រប់គ្រងសេតវិមានអាម៉េរិកជាថ្មីកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីលោកបានកាន់តំណែងនេះចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ ក្រោយឡើងកាន់តំណែងភ្លាមលោក ត្រាំ បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀង ស្តីពី បម្រែបម្រូលអាកាសធាតុ ដែលបានតភ្ជាប់ឡើងវិញដោយលោក ចូ បៃដិន និងបានប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោក។
បន្ថែមលើនេះលោក ត្រាំ ក៏បានប្រកាសពីផែនការដាក់សម្ពាធពន្ធលើការនាំចូលទំនិញពីសម្ពន្ធមិត្តផ្សេងៗរបស់សហរដ្ឋអាម៉េរិក ដូចជា ម៉ិកស៊ិក និងកាណាដា ២៥% និងសហភាពអឺរ៉ុប ប្រមាណ២០%។ គំនាបពន្ធគយលើទំនិញនាំចូលរបស់លោក ត្រាំ ទំនងជាមិនមានការលើកលែងនោះទេ សូម្បីតែប្រទេស ដែលមានសេដ្ឋកិច្ចទាប។ ជាមួយគ្នានេះ អាម៉េរិកនឹងដាក់ពន្ធលើទំនិញនាំចូលពីចិន១០%ចាប់ពីដើមខែកុម្ភៈ តទៅ ខណៈដែលចិនរងការគំរាមកំហែងដំឡើងពន្ធរហូតដល់ទៅ៦០% ឯណោះ។
ពាក់ព័ន្ធរឿងជំនួយបរទេសឯណោះវិញ រដ្ឋបាលរបស់លោក ត្រំា បានប្រកាសបង្កកកម្មវិធីជំនួយទៅសហគមន៍អន្តរជាតិ ដែលមានតាំងពីយោធា សុខភាព អប់រំ និងសង្គមស៊ីវិល ខណៈដែលគេដឹងថា កាលពីឆ្នាំ២០២៣ សហរដ្ឋអាម៉េរិកក្រោមការគ្រប់គ្រងរបស់លោក ចូ បៃដិន បានចំណាយថវិកាអស់៧២ពាន់លានដុល្លារលើបញ្ហានេះ។ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពីសប្តាហ៍មុន បានចេញបទបញ្ជាឲ្យផ្អាកអនុវត្តរាល់កម្មវិធីជំនួយថ្មីៗ ដើម្បីពិនិត្យឡើងវិញថា តើវាស្របគ្នានឹងគោលនយោបាយការបរទេសរបស់លោក ត្រាំ ឬយ៉ាងណា៕
ដោយៈ សរ សុជាតិ