
លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុន អារ៉ាខាវ៉ា បានបញ្ជាក់ថា គម្រោងខុនដូ អារ៉ាខាវ៉ា បានចាប់ផ្ដើមសាងសង់ឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយដំណាក់កាលទី១នេះ គ្រោងនឹងបញ្ចប់ការសាងសង់អគារចំនួន១០ អគារ កម្ពស់២១ជាន់ស្មើៗនៅឆ្នាំ២០២០។
លោក សុធារ៉ា បានបញ្ជាក់ទៀតថា គម្រោងនេះ គឺប្រើដើមទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងការសាងសង់ទាំងស្រុង ដោយមិនរង់ចាំប្រើថវិការបស់អតិថិជន យកមកសាងសង់ដូចគម្រោងមួយចំនួនទៀតនោះឡើយ។ មិនតែប៉ុណ្ណោះ ខុនដូអារ៉ាខាវ៉ា ក៏ផ្ដល់ឱកាសលក់ជូនអតិថិជន ដោយពុំចាំបាច់មានប្រាក់កក់ ហើយអាចបង់រម្លស់ដោយមិនមានការប្រាក់ផងដែរ ពោលគឺ អាចបង់ប្រាក់ប្រចាំខែចាប់ពី២៧៣ ដុល្លារឡើងទៅ។
គម្រោងខុនដូដែលអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន-ខ្មែរ មួយនេះ សាងសង់ឡើងលើផ្ទៃដី ជាង១,៣ហិកតា និងមានទីតាំងស្ថិតនៅ ជិតផ្សារទឹកថ្លា ជាប់មន្ទីរពេទ្យអន្តរជាតិ ជិសាលារៀន និងសាកលវិទ្យាល័យនានា និងក្បែរផ្សារទំនើបផងដែរ។ ជាមួយគ្នានេះ ពលរដ្ឋដែលមានចំណូលប្រចាំខែចាប់ពី៦០០ ដុល្លារអាមេរិក ឡើងទៅ អាចទិញខុនដូនេះបានហើយ ដែលជាប្រភេទស្ទូឌីយ៉ូ ឬផ្ទះមានពីរបន្ទប់។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន។
លោក អៀង សុធារ៉ា បានលើកឡើងយ៉ាងដូច្នេះថា «យើងខិតខំធ្វើយ៉ាងណា ដើម្បីបង្កើតលំនៅដ្ឋានមួយដ៏សមរម្យប្រកបដោយគុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និងបង្កើតឲ្យមានទម្លាប់រស់នៅក្នុងអគាររួម និងការថែទាំរួម»។

លោកបន្តទៀតថា «អតិថិជនដែលទិញយូនីត ក្នុងលំនៅដ្ឋានអារ៉ាខាវ៉ា នឹងទទួលបានបណ្ណកម្មសិទ្ធិតកូនតចៅ»។
សូមបញ្ជាក់ថា ក្រុមហ៊ុនអារ៉ាខាវ៉ា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ មក ដោយវិនិយោគិនខ្មែរ និងជប៉ុន បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាងសង់ និងដាក់ឲ្យដំណើរការរួចមកហើយ នូវអាផាតមិន ដែលមានឈ្មោះថា Bellevue Serviced នៅតំបន់ជ្រោយចង្វារ៕