ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ចិនបានចេញមុខប្រកាសរួចហើយថា ចិនមិនមានអ្វីពាក់ព័ន្ធនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ ហើយចិនមានតែការអំពាវនាវឲ្យមានការចរចាដោះស្រាយ បញ្ចប់សង្គ្រាម រវាងភាគីទាំងពីរដោយសន្ដិវិធីតែបុណ្ណោះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន South China Morning Post។
លោក Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី បានរិះគន់ចំណាត់ការរបស់ប្រទេសចិនក្នុងការបន្តនាំចូលស្រូវសាលីពីរុស្ស៊ី និងមានភាពស្ងៀមស្ងាត់ក្នុងការចាត់វិធានការដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញសង្គ្រាមឈ្លានពានលើអ៊ុយក្រែន។ លោក Morrison បន្ថែមថា ប្រទេសចិនចាំបាច់ត្រូវធ្វើការដោះស្រាយឱ្យបានច្បាស់លាស់ជាមួយរុស្ស៊ី។
នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ សង្កត់ធ្ងន់ថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសចិនក្នុងការប្រកាន់នូវតម្លាភាព ចំពោះពិភពលោក អំពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងរុស្ស៊ី ហើយបើចិនមានការគាំទ្រផ្នែកយោធាដល់រុស្ស៊ីមែន នោះវាជារឿងមួយដ៏អាក្រក់បំផុត។ អូស្ត្រាលីនឹងគាំទ្រសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក លើបញ្ហាទាំងនេះ។
គួរកត់សម្គាល់ថា ថ្មីៗនេះទីក្រុងវ៉ាស៊ីនតោន បានអះអាងថា រុស្ស៊ីបានស្នើសុំចិន នូវឧបករណ៍យោធា ដើម្បីគាំទ្រការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ប្រភពព័ត៌មានពីទីក្រុងវ៉ាស៊ិនតោនបានលើកឡើងទៀតថា រុស្ស៊ីកំពុងពឹងផ្អែកលើប្រទេសចិន ដើម្បីទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់ដោយប្រទេសលោកខាងលិចផងដែរ។
យ៉ាងណាក៏ដោយចុះ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក Wang Yi បានបំភ្លឺក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោកថា ទីក្រុងប៉េកាំងបានគាំទ្រឲ្យមានកិច្ចចចារដោយសន្តិវិធី ចាប់តាំងពីវិបត្តិអ៊ុយក្រែនកើតមានឡើង ហើយលោកបានប្រកាន់គោលជំហថា ចិនមិនមែនជាភាគីពាន់ព័ន្ធនៅក្នុងវិបត្តិសង្គ្រាមនេះនោះទេ។ លោក Wang Yi បានច្រានចោលនូវការចោទប្រកាន់ពីក្រុមមួយចំនួន ដើម្បីលាបពណ៌លើគោលជំហររបស់ទីក្រុងប៉េកាំង ចំពោះបញ្ហាអ៊ុយក្រែន និងប្រឌិតព័ត៌មានមិនពិត។ លោកបានបន្តថា ចិនមានសិទ្ធិការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។
គួរជម្រាបថា ការអត្ថាធិប្បាយចុងក្រោយរបស់លោក Morrison បានឆ្លុះបញ្ចាំងពីភាពមិនចុះសម្រុងគ្នាកាន់តែខ្លាំងឡើងៗ នៃទំនាក់ទំនងរវាងទីក្រុងកង់ប៉េរ៉ា និងទីក្រុងប៉េកាំង ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ បានប្រេះឆានឹងគ្នាមកអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន