អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះថា សហរដ្ឋអាមេរិកបានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនថា ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន និងបានទទួលស្គាល់ជំហររបស់ជនជាតិចិនថា មានប្រទេសចិនតែមួយ ហើយកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន។
អ្វីដែលបានបញ្ជាក់ខាងលើនេះ គឺអ្នកនាំពាក្យរូបនេះចង់សំដៅលើសេចក្តីថ្លែងការណ៍រួមចំនួន៣ច្បាប់ ដែលបានចុះហត្ថលេខាដោយទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនកាលពីចុងទសវត្សរ៍ឆ្នាំ ១៩៧០ និងដើមទសវត្សរ៍ឆ្នាំ១៩៨០ស្តីអំពីបញ្ហាកោះតៃវ៉ាន់។
លោក Wang បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនបានជំទាស់នឹងជំហរទាំងនេះទេ។ ប្រសិនបើអាមេរិកទទួលស្គាល់កោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិនទៅហើយនោះ ចុះហេតុអ្វីអាមេរិកចេះតែដើរនិយាយរិះគន់ចិនដីគោកថា «នឹងធ្វើការឈ្លានពាន" កោះតៃវ៉ាន់យ៉ាងដូច្នេះ?
ការបញ្ជាក់របស់ចិនចំពោះអាមេរិកនេះ បានធ្វើឡើងបន្ទាប់ពីលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានឆ្លើយសំណួររបស់គណៈកម្មាធិការទំនាក់ទំនងបរទេសនៅព្រឹទ្ធសភាអាមេរិកនៅមុននេះ ដោយលោកបានសន្យាថា ក្រុងវ៉ាស៊ីនតោននឹងជួយកោះតៃវ៉ាន់ក្នុងការបង្កើនសមត្ថភាពការពារខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារដ៏មានសក្ដានុពលពីប្រទេសចិនដីគោក។
លោក Blinken បាននិយាយថា រដ្ឋបាលបច្ចុប្បន្នរបស់លោក បៃដិន បានប្តេជ្ញាចិត្តឱ្យប្រាកដច្បាស់ថា តៃវ៉ាន់មានមធ្យោបាយចាំបាច់ទាំងអស់ ដើម្បីការពារខ្លួនពីការឈ្លានពាន ដែលអាចមានក្នុងថ្ងៃណាមួយ ក៏ដូចជាទប់ទល់សកម្មភាពឯកតោភាគីរបស់ប្រទេសចិនដែលតែងតែបង្កការរំខានដល់ស្ថានភាពបច្ចុប្បន្នអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយផងដែរ។
ការអះអាងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងលក់អាវុធតម្លៃ ៩៥លានដុល្លារពីអាមេរិកទៅឲ្យកោះតៃវ៉ាន់ក្នុងខែនេះ ដែលនេះជាការលក់អាវុធលើកទីបីសម្រាប់តៃវ៉ាន់ ចាប់តាំងពីលោក Biden ឡើងកាន់តំណែងកាលពីខែមករាឆ្នាំមុនមក។ ហើយនេះជាលើកទី៣ហើយដែលអាមេរិកបានលក់អាវុធទៅតៃវ៉ាន់តាំងពីលោក បៃដិន បានឡើងកាន់អំណាចកាលពីខែមករាឆ្នាំមុន។ ការលក់អាវុធឱ្យតៃវ៉ាន់កាលពីលើកមុនទាំង២នោះគឺមានតម្លៃសរុប ៨៥៩ លានដុល្លារអាមេរិកក្នុងនោះមានប្រព័ន្ធបាញ់មីស៊ីល ប្រព័ន្ធរថក្រោះថ្មីចំនួន ៤០ គ្រឿង រថយន្ត សព្វាវុធ គ្រឿងបន្លាស់ និងសេវាផ្សេងៗទៀតផងដែរ។
រដ្ឋាភិបាលក្រុងប៉េកាំងតែងចាត់ទុកកោះតៃវ៉ាន់ ជាខេត្ដបំបែកខ្លួនដែលស្ថិតនៅក្រោមប្រទេសចិន ហើយរដ្ឋអំណាចក្រុងប៉េកាំងក៏មិនដែលនឹកគិតចង់ប្រើកម្លាំងបាយ ដើម្បីបង្ខំឱ្យកោះនេះបង្រួបបង្រួមជាមួយចិនដីគោកឡើងវិញនោះផងដែរ។ ជាក់ស្ដែង កាលពីពេលកន្លងនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានអះអាងថា ចិននឹងបង្រួបបង្រួមតៃវ៉ាន់ដោយសន្ដិវិធី។ ទោះ
ជាបែបនេះក្ដី ស្ថានភាពតានតឹងរវាងកោះតៃវ៉ាន់ និងចិនដីគោកនៅតែបន្ដកើនកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលយន្ដហោះចម្បាំងរបស់ចិន នាពេលកន្លងមកក៏បានហោះឆ្វែលដែនសមុទ្រកោះតៃវ៉ាន់ជាហូរហែរ ខណៈដែលនាវាចម្បាំងធំៗរបស់អាមេរិក ក៏បានបើកចូលដែនសមុទ្រនេះ ដែលជារឿយៗបង្កឲ្យមានការព្រមានដាក់គ្នារវាងភាគីចិន និងអាមេរិកផងដែរ៕
អត្ថបទ៖ សុខ ជា