ការិយាល័យហិរញ្ញវត្ថុចិន បានឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២៣ ក្រុងប៉េកាំង បានទូទាត់សងថ្លៃដើមចំនួន៥,៥លានដុល្លារ លើបណ្ណបំណុលសម្រាប់គោលបំណងពិសេស (Special-Purpose Bond) អាយុកាល២០ឆ្នាំក្នុងទំហំទឹកប្រាក់សរុបជាង១ពាន់លានដុល្លារ ដែលត្រូវទូទាត់សងនៅខែកុម្ភៈ ឆ្នាំ២០៤០ ពោលគឺការទូទាត់សងនេះ បានធ្វើឡើងមុនកាលកំណត់ជិត១៧ឆ្នាំ ដែលធ្វើឱ្យក្រុងប៉េកាំង អាចសន្សំការប្រាក់បានជាង៧០%។
មូលនិធិដែលប្រមូលបានពីការបោះផ្សាយបណ្ណបំណុលសម្រាប់គោលបំណងពិសេសនេះ ត្រូវបានយកទៅវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានារួមមានផ្លូវហាយវេ មធ្យោបាយដឹកជញ្ជូន សំណង់អគារ និងឧទ្យានក្នុងក្រុងជាដើម ហើយបើតាមការិយាល័យហិរញ្ញវត្ថុចិន មូលនិធិប្រហែលជាង៩៧លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់កសាងឧទ្យានឧស្សាហកម្មវប្បធម៌មួយនៅក្នុងទីក្រុងប៉េកាំងនៅភាគខាងកើត។
បណ្ណបំណុលសម្រាប់គោលបំណងពិសេសនេះ ត្រូវបានដាក់ចេញឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៥ ដើម្បីប្រមូលមូលនិធិជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រួលដល់ពាណិជ្ជកម្ម និងសុខុមាលភាពសាធារណៈ ហើយបណ្ណបំណុលនេះ នឹងត្រូវទូទាត់សងវិញដោយប្រើប្រាស់ចំណូលបានពីគម្រោង ដែលទទួលបានមូលនិធិពីបណ្ណបំណុលនេះតែប៉ុណ្ណោះ ផ្ទុយពីបណ្ណបំណុលទូទៅដែលអាចទូទាត់សងតាមរយៈការប្រើចំណូលសារពើពន្ធទូទៅ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែកំណើននៃការបោះផ្សាយបណ្ណបំណុលរបស់រដ្ឋបាលមូលដ្ឋាន ដូច្នេះហើយការចំណាយលើការប្រាក់បានកើនឡើងយ៉ាងខ្លាំង។ ជាក់ស្ដែងទិន្នន័យពីក្រសួងហិរញ្ញវត្ថុចិន បង្ហាញថា ការបង់ការប្រាក់លើបណ្ណបំណុលរបស់រដ្ឋបាលមូលដ្ឋានបានកើនលើស១៤០ពាន់លានដុល្លារអាម៉េរិក ជាលើកដំបូងក្នុងឆ្នាំ២០២២ ហើយក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២៣ រដ្ឋបាលមូលដ្ឋានបានចំណាយសរុបជាង១៥៨ពាន់លានដុល្លារ ទៅលើការប្រាក់៕
អត្ថបទ៖ សុខ ជា