ឯកឧត្តម ស៊ាង ថៃ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា គិតមកទល់នឹងពេលនេះ ការធ្វើពាណិជ្ជកម្មនាំចេញនាំចូល រវាងប្រទេសកម្ពុជា និងប្រទេសចិន នៅតែបន្ដមានសកម្មភាពដូចធម្មតា មិនទាន់ឃើញមានការប្រែប្រួលអ្វីនោះទេ ព្រោះករណីនេះ គឺវាកើតមានតែនៅលើមនុស្ស តែសម្រាប់ទំនិញនាំចេញ គឺនៅមានចរាចរណ៍ដូចធម្មតាដដែលទេ។
មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មអះអាងដូច្នេះ ដោយផ្អែកលើ ការចេញឯកសារសម្រាប់នាំចេញទំនិញ ដោយក្រសួងពាណិជ្ជកម្មផ្ដល់ជូនទៅក្រុមហ៊ុននាំចេញ គឺនៅមានសកម្មភាពដូចដើម មិនមានការប្រែប្រួលថយចុះ អ្វីនោះឡើយ។
យ៉ាងណាក៏ដោយចុះ ក្រសួងពាណិជ្ជកម្ម មិនទាន់អាចធ្វើការប៉ាន់ស្មានបានពីទំហំប៉ះពាល់ ចំពោះការនាំចេញរបស់កម្ពុជាទៅចិនបាននៅឡើយទេ ប្រសិនបើការរីករាលដាលនៃវីរុសនេះ នៅអូសបន្លាយរយៈពេលវែងនោះ។ នេះបើតាមការគូសបញ្ជាក់ របស់ឯកឧត្តម ស៊ាង ថៃ មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម។
លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងដែរថា សម្រាប់ការនាំចេញអង្ករទៅចិន គិតមកទល់ពេលនេះ នៅតែដំណើរការដូចធម្មតា បើទោះបីជាមានការផ្ទុះឡើងនៃការរាតត្បាតនៃវីរុសកូរ៉ូណាថ្មីៗនេះក៏ដោយ។ ទោះយ៉ាងណា សហព័ន្ធស្រូវអង្ករ នឹងធ្វើការតាមដានបន្ដទៀត ប្រសិនបើមានអ្វីប្រែប្រួលនៅពេលក្រោយទៀត។
លោកឧកញ៉ា សុង សារ៉ន បន្ថែមទៀតថា សម្រាប់ការនាំចេញអង្ករទៅចិន នៅខែមករា ឆ្នាំ២០២០នេះ គឺមិនមានចំនួនច្រើនទេ ដោយសារតែចិនមានការឈប់សម្រាក់ក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ប៉ុន្ដែ ការនាំចេញអង្ករទៅចិន នឹងត្រូវសម្រុកឡើងវិញចាប់ពីដើមខែកុម្ភៈតទៅនេះ។ ប៉ុន្ដែ គេមិនទាន់ដឹងទេថា តើចិនអាចនឹងមានការរិតដ្បិតចំពោះការនាំចូល ឬយ៉ាងណា ស្របពេលដែលបញ្ហាវីរុសកូរ៉ូណាកំពុងបន្តរីករាលដាល។
ទោះយ៉ាងណា លោកឧកញ៉ា សុង សារ៉ន ជឿជាក់ថា បើទោះបីជា មានការរីករាលដាលនៃវីរុសនេះក្ដី ប៉ុន្ដែ សម្រាប់ផលិតផលកសិកម្ម ក៏ដូចជាចំណីអាហារ គឺមិនសូវជាប៉ះពាល់ខ្លាំងទេ ពោល គឺអាចប៉ះពាល់ដោយប្រយោលប៉ុណ្ណោះ ខុសពីវិស័យទេសចរណ៍ អាកាសចរណ៍ និងសណ្ឋាគារ ដែលអាចនឹងប៉ះពាល់ខ្លាំង។
ជាមួយគ្នានេះ លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ការរីករាលដាលនៃ វីរុស កូរ៉ូណា ពិតណាស់នឹងមានផលរំខាន សម្រាប់ការនាំចេញផលិតផលកម្ពុជាទៅទីផ្សារចិន ប៉ុន្តែមិនអាចនិយាយថា ប៉ះពាល់ទាំងស្រុងបាននោះឡើយ ព្រោះផលិតផលចំណីអាហារនេះជាតម្រូវការជាប្រចាំរបស់ពលរដ្ឋមិនអាចខ្វះបានឡើយ។
ប៉ុន្តែយ៉ាងណាលោកឧកញ៉ា ហ៊ុន ឡាក់ ក៏បានបញ្ជាក់ទៀតថា ក្នុងដំណាក់កាលនៃការរីករាលដាលនៃ វីរុស កូរ៉ូណា នេះយើងមិនទាន់អាចហ៊ានសន្និដ្ឋានបានថា វានឹងអូសបន្លាយដល់ពេលណាបាននោះឡើយ ជាក់ស្តែងមកដល់ម៉ោងនេះហើយវីរុស កូរ៉ូណា នៅតែបន្តវិវត្តន៍ទៅមុខជានិច្ច ដោយមិនទាន់មានសញ្ញាល្អប្រសើរនោះទេ។
ទោះយ៉ាងណា លោកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា ការបញ្ជារទិញច្រើន ឬតិចអាស្រ័យតែទៅលើតម្លៃកសិផលប៉ុណ្ណោះ ហើយអ្វីដែលយើងទទួលបានគឺការធ្វើពាណិជ្ជកម្មមិនទាន់មានការថមថយនៅឡើយ ប៉ុន្តែអ្វីដែលជាការថមថយគឺការធ្វើដំណើររបស់អ្នកដំណើរបែបទេសចរ និងអ្នកជំនួញដែលកំពុងស្វែងរកឱកាសវិនិយោគក្រៅប្រទេស ត្រូវបានកាត់បន្ថយច្រើនស្របតាមសភាពការនេះ។
សូមបញ្ជាក់ថា បើតាមប្រធានសហ័ព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ទៀតថា សម្រាប់ទីផ្សារអង្ករនាំទៅចិន នៅប៉ុន្មានឆ្នាំមកនេះ គឺបង្ហាញពីកំណើនខ្ពស់គួរសម ដែលកាលពីឆ្នាំ២០១៩ មានចំនួន ២៥ម៉ឺនតោន ខណៈដែលកាលពីឆ្នាំ២០១៨ មាន ២០ម៉ឺនតោន មានកំណើន៣៣%។ លោកឧកញ៉ា សុង សារ៉ន បានបន្ថែមទៀតថា សម្រាប់ឆ្នាំ ២០២០នេះ បើសិនជាមិនមានការប៉ះពាល់ខ្លាំងពីឥទ្ធិពលនៃវីរុសកូរ៉ូណាទេនោះ ការនាំចេញអង្ករកម្ពុជាទៅចិន រំពឹងថា នឹងអាចកើនឡើងតិចតួចប៉ុណ្ណោះ ព្រោះថា ចិនបច្ចុប្បន្ននេះ ក៏មានផលិតអង្ករបានច្រើន និងមានគុណភាពល្អ ដែលវាអាចនឹងកាត់បន្ថយបរិមាណនាំចូលអង្ករពីកម្ពុជា៕