ត្រូវបានស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានវៀតណាម លោក ដូ ថាងហៃ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា កាលពីឆ្នាំ២០១៨ វៀតណាមបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់រហូតដល់ ៣.៧០០ ដុល្លារអាមេរិក កើនឡើងរហូតដល់៣៥% ខណៈដែលកម្ពុជានាំចូលទៅវៀតណាមវិញ មានទំហំទឹកប្រាក់តែ៩៦៣ លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលមានការធ្លាក់ចុះ៦,៥%។
តាមទិន្នន័យនេះ សបញ្ជាក់ឲ្យឃើញថា ឱនភាពពាណិជ្ជកម្ម ឬហៅថា ការនាំចូលមានច្រើនជាងគេនាំចេញរបស់កម្ពុជា ជាមួយវៀតណាម មានរហូតដល់ប្រមាណជាង ២.៧០០ ពាន់លានដុល្លារអាមេរិក។
តែយ៉ាងណា លោក ដូ ថាងហៃ បានឲ្យដឹងទៀតថា ប្រទេសវៀតណាម នឹងកម្ពុជា គឺមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មបានល្អណាស់ ដោយក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានវិវឌ្ឍកាន់តែប្រសើរ ដែលមានកំណើនថេរជាមធ្យមក្នុងអត្រាជិត ១០% ក្នុងមួយឆ្នាំ។
បច្ចុប្បន្ន ប្រទេសវៀតណាម ត្រូវបានដឹងថា គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៣ របស់កម្ពុជា។
មន្ត្រីជាន់ខ្ពស់វៀតណាម រូបនេះ បានឲ្យដឹងទៀតថា កម្ពុជា ក៏ជាទីផ្សារអ្នកប្រើប្រាស់ផលិតផលវៀណាមធំមួយផងដែរ ដូចជាផលិតដែក ដែកថែប វត្ថុធាតុដើមសម្រាប់ការផលិតវាយនភ័ណ្ឌ កាត់ដេរ ផលិតផលផ្លាស្ទិក គ្រឿងម៉ាស៊ីន សម្ភារប្រើប្រាស់ផ្សេងៗទៀត និងជីកសិកម្មជាដើម។ រីឯ កម្ពុជានាំចូលទៅវៀតណាមវិញ មានភាគច្រើនជាផលិតផលវត្ថុធាតុដើម សម្រាប់បម្រើដល់ការផលិតក្នុងស្រុក និងនាំចេញ របស់វៀតណាម ដូចជា កសិផល ព្រៃឈើ ផលិតផលជលផល និងធនធានរ៉ែជាដើម។
ជាមួយគ្នានេះ រដ្ឋាភិបាលប្រទេសវៀតណាមបានបង្ហាញពីក្ដីរំពឹងកាន់តែខ្ពស់លើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា ក្រោយពីមានជំនួបរវាងប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចរបស់លោក ង្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ពោល ចាប់ពីថ្ងៃទី២៥ -២៦ខែកុម្ភៈនេះ និងបានជួបពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
លោក ដូ ថាងហៃ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បាននិយាយថា តាមរយៈដំណើរទស្សនកិច្ចរបស់លោក ក្វៀន ហ្វ៊ូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ គឺជាឱកាសមួយដែលបង្ហាញពីសក្ដានុពលនៃការអភិវឌ្ឍពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។
គួរបញ្ជក់ដែរថា កាលពីពេលថ្មីៗនេះដែរ រដ្ឋាភិបាលវៀតណាម និងកម្ពុជា ក៏ទើបតែបានឯកភាពគ្នា ក្នុងការផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) សម្រាប់ទំនិញរវាងប្រទេសទាំងពីរ។ ដោយក្នុងនោះមានទំនិញកម្ពុជាចំនួន ៣២បន្ទាត់ពន្ធគយ បានទទួលការអនុគ្រោះពន្ធអត្រាសូន្យនេះ ខណៈដែលវៀតណាមវិញ មានមុខទំនិញចំនួន ២៦បន្ទាត់ពន្ធគយ។
មិនតែប៉ុណ្ណោះ ប្រទេសវៀតណាម ក៏បានផ្តល់កូតានាំចូលអង្ករចំនួន ៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់ ៣ពាន់តោន សម្រាប់កម្ពុជានៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ផងដែរ។
គួររំឭកទៅក្រោយបន្តិចដែរថា ប្រទេសកម្ពុជា និងវៀតណាម ធ្លាប់មានគោលដៅ រួមគ្នាមួយ ពង្រីក ទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបានដល់ ៥ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០១៥ ប៉ុន្ដែ គិតត្រឹមឆ្នាំ ២០១៨ គោលដៅនេះ ពុំទាន់សម្រេចតាមការកំណត់នៅឡើយទេ។ ខណៈឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានតែជិត ៤ ពាន់៧០០លានដុល្លារអាមេរិក៕