
លោក Li Xuequn អ្នកគ្រប់គ្រងទូទៅ កសិដ្ឋាន First Aquatic Industrial បានលើកឡើងនៅក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្ម នាថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ថា កសិដ្ឋាននេះ បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ នេះមិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗនោះទេ។
បច្ចុប្បន្ន កសិដ្ឋាននេះ មានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀត ផងដែរ។ នៅឆ្នាំដំបូងនេះ កសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥០០០ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១០០០ដុល្លារ/ក្បាល និងត្រីបបែល ២០០ដុល្លារ/ក្បាល (តម្លៃអាស្រ័យលើប្រភេទពូជ ពណ៌ ទំហំ និងអាយុ)។

កសិដ្ឋាន ប្រើកម្មករសរុប ៥០នាក់ ក្នុងនោះមានអ្នកជំនាញជលផលទាំងខ្មែរ និងចិនចំនួន ១០នាក់។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានថ្លែងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានចុះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីលម្អ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនត្រៀមរៀបចំឯកសារបច្ចេកទេសពាក់ព័ន្ធដល់ការចិញ្ចឹម សម្រាប់ឈានទៅដល់ការរៀបចំពិធីសារនាំចេញត្រីលម្អទៅកាន់ប្រទេសចិន ដោយត្រូវសហការជាមួយរដ្ឋបាលជលផលកម្ពុជា ធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយចិន ស្នើសុំបែបបទ ឬលក្ខខណ្ឌតម្រូវចាំបាច់នានាពីភាគីចិនជាជំហានបឋម ដើម្បីឲ្យដំណើរការនាំចេញនាពេលខាងមុខប្រព្រឹត្តទៅដោយរលូន ចៀសវាងការកកស្ទះផលិតផល ដែលកសិដ្ឋានចិញ្ចឹមបាន។



