កម្ពុជារំពឹងថា ចុងខែកញ្ញាអាចទាមទារប្រយោជន៍ ពីប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលត្រូវគេលួច

កម្ពុជារំពឹងថា ចុងខែកញ្ញាខាងមុខនឹងអាចទាមទារប្រយោជន៍មួយភាគធំត្រឡប់មកវិញ ពីប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលត្រូវគេលួច


មន្រ្តីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល អះអាងថា កម្ពុជាបានតតាំងផ្នែកច្បាប់យ៉ាងស្វិតស្វាញក្នុងការទាមទារត្រឡប់មកវិញនូវប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ដែលកប៉ាល់ MT Srovolos ម្ចាស់បំណុលរបស់ក្រុមហ៊ុនប្រេង KrisEnergy បានលួចដឹកចេញទៅ។ ហើយនៅទីបំផុត កម្ពុជារំពឹងថា នៅចុងខែកញ្ញានេះ នឹងទទួលបានប្រយោជន៍ប្រហែល ៧០% នៃបរិមាណប្រេងសរុបនោះមកវិញ សម្រាប់ជាប្រាក់ចំណូលចូលរដ្ឋ ដែលអាចមានតម្លៃជាទឹកប្រាក់ប្រមាណ ២០លានដុល្លារអាមេរិក។
កម្ពុជារំពឹងថា ចុងខែកញ្ញាខាងមុខនឹងអាចទាមទារប្រយោជន៍មួយភាគធំត្រឡប់មកវិញ ពីប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលត្រូវគេលួច

ឯកឧត្តម​ ម៉េង ស័ក្កិធារ៉ា រដ្ឋលេខាធិការធិការ ក្រសួងរ៉ែ និងថាមពល អះអាង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ថាសំណុំរឿងប្រេងឆៅជិត៣០ម៉ឺនបារ៉ែល​របស់​កម្ពុជា ដែលគេលួចដឹកចេញទៅនេះ កើតឡើងដោយបញ្ហាអកុសលរបស់ក្រុមហ៊ុន KrisEnergy ដែលត្រូវក្ស័យធន ហើយសំណុំរឿងនេះមិនបានពាក់ព័ន្ធនឹង​រឿង​អំពើរពុករលួយ ឬបំរើផលប្រយោជន៍បុគ្គលណាម្នាក់នោះទេ។

ដោយឡែក ជុំវិញនីតិវិធីយកប្រេងត្រឡប់មកវិញ ឯកឧត្តម​ ម៉េង ស័ក្កធារ៉ា បានគូសបញ្ជាក់ថា កម្ពុជា​បានប្រើប្រាស់នីតិវិធីតាមផ្លូវច្បាប់អន្តរជាតិ ជាមួយបណ្ដាប្រទេសនីមួយៗ ដែលត្រូវកប៉ាល់ MT Strovolos ដឹកប្រេងឆ្លងកាត់​ ដើម្បីដោះស្រាយនិងទាមទារប្រេងឆៅត្រឡប់មកវិញ។ បើតាម ឯកឧត្តម​ ម៉េង ស័ក្កិធារ៉ា គូសបញ្ជាក់ថា ថ្មីៗនេះ ក្រោយពីមានការចរចា​ជាច្រើនរួចមក នៅទីបំផុត​ក៏​មានការស្រុះស្រួលគ្នា ជាមួយភាគីក្រុមហ៊ុន KrisEnergy និងក្រុមហ៊ុនដែលទិញប្រេង រៀបចំកិច្ចព្រមព្រៀង ដើម្បីលក់ប្រេងនោះបែងចែក​ប្រាក់សម្រាប់ភាគីពាក់ព័ន្ធ។ ក្នុងនោះ កម្ពុជា នឹងទទួលបានប្រយោជន៍ ៧០%នៃបរិមាណប្រេងសរុប។ ចំណែក ២៦% នឹងចំណាយទៅលើថ្លៃ​កប៉ាល់ និង ៤%សម្រាប់ម្ចាស់បំណុលរបស់ក្រុមហ៊ុន KrisEnergy។

ឯកឧត្តម​ ម៉េង ស័ក្កិធារ៉ា ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្ន កប៉ាល់ដែលលួចដឹកប្រេងចេញពីកម្ពុជា កំពុងស្ថិតក្នុងដែនទឹករបស់ប្រទេសថៃ ក្រោយបានត្រឡប់មកពីប្រទេសបង់ក្លាដេស ខណៈបរិមាណប្រេង និងគុណភាពប្រេង នៅលើកប៉ាល់នៅតែរក្សាបានដដែល។ ជាមួយគ្នានេះ ឯកឧត្តម​ ម៉េង ស័ក្កិធារ៉ា ក៏បានបង្ហាញនូវក្ដីរំពឹងខ្ពស់ចំពោះចំណូលពីការលក់ប្រេងសម្រាប់បំរើផលប្រយោជន៍ជាតិច្រើនជាងការរំពឹងទុក កាលពីប្រេងឆៅមិនទាន់ត្រូវបានលួច ដោយលោកបានបញ្ជាក់ថា កាលពីមុនតម្លៃប្រេងឆៅមានតម្លៃប្រមាណ ៥០ដុល្លារ ប៉ុណ្ណោះ ក្នុង១ធុងបារ៉ែល ខណៈបច្ចុប្បន្ន តម្លៃប្រេងឆៅ កើនដល់ប្រមាណ ៩០ដុល្លារ ក្នុង១ធុងបារ៉ែល។

គួររំលឹកថា នាវាផ្ទុកប្រេង MT Strovolos បានលួចដឹកប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ដែលបូមបានពីអណ្តូងអប្សរាក្នុងឈូងសមុទ្រកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ឆ្ពោះទៅប្រទេសថៃ ដោយគ្មានឆ្លងកាត់នីតិវិធីច្បាប់របស់កម្ពុជា។ ក្រោយមក កប៉ាល់ដឹកប្រេងនេះ បានធ្វើដំណើរចេញពីប្រទេសថៃ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងបន្តទៅប្រទេស បង់ក្លាដេស ក្រោយមកក៏ត្រឡប់មកប្រទេសថៃវិញេ ទើបធ្វើឲ្យកម្ពុជា​ ត្រូវប្រើប្រាស់ពេលវេលាយូររហូតជាង១ឆ្នាំ ក្នុងការប្ដឹងទាមទារប្រេងឆៅត្រឡប់មកវិញ។ សូមបញ្ជាក់ផងដែរថា ការលួចដឹកប្រេងចេញពីដែនសមុទ្រកម្ពុជាដោយគ្មានការអនុញ្ញាតនេះ គឺធ្វើឡើងក្រោមហេតុផលក្រុមហ៊ុន KrisEnergy ជំពាក់បំណុលរបស់​ម្ចាស់នាវា MT Strovolos ដែលបានជួលកប៉ាល់នេះឲ្យមកស្តុកប្រេង ដែលបូមបាននៅកម្ពុជា៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាចន្លោះពី ៥% ទៅ ៨% ដល់កម្មករ ក្រោយផ្អាកដំឡើង២ឆ្នាំ

បើតាមគណៈកម្មាធិការប្រាក់ឈ្នួលជាតិ និង រដ្ឋមន្ត្រីក្រសួងការងារថៃបានឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករជាលើកដំបូង…

ប្រទេសឥណ្ឌាចង់រឹតបន្តឹងការលក់ស្មាតហ្វូនតម្លៃថោករបស់ប្រទេសចិននៅក្នុងទីផ្សាររបស់ខ្លួន

ប្រទេសឥណ្ឌាកំពុងព្យាយាមដាក់កំហិតទៅលើក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនរបស់ចិនចំពោះការលក់ទូរស័ព្ទស្មាតហ្វូនដែលមានតម្លៃក្រោម ១៥០ ដុល្លារក្នុងមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ