ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាជឿជាក់ថា តាមរយៈការលើកលែងពន្ធនាំចូលអង្ករពីកម្ពុជានេះ វានឹងជួយជំរុញឲ្យការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបអាចក្តោបទីផ្សារបានជាង៤០% នៃការនាំចេញអង្ករសរុបឡើងវិញនៅក្នុងឆ្នាំ ២០២២នេះ ខណៈដែលកាលពីអំឡុងនៅជាប់ពន្ធនាំចូលប្រមាណ៣ឆ្នាំកន្លងមកនេះ ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះក្នុងរង្វង់ជាង១០% ក្នុងមួយឆ្នាំៗ។
លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ក្រោយសភាពាណិជ្ជកម្មសហភាពអឺរ៉ុបលើកលែងការយកពន្ធលើការនាំចូលអង្ករគ្រប់ប្រភេទពីកម្ពុជាចាប់ពីថ្ងៃទី២០ មករា ឆ្នាំ២០២២ ខាងមុខ វានឹងធ្វើឲ្យការនាំចេញអង្កររបស់កម្ពុជាមានភាពល្អប្រសើរឡើងវិញ ដូចពេលមិនទាន់មានការដាក់ទណ្ឌកម្មដូច្នោះដែរ។ ជាមួយគ្នានេះ លោកជឿជាក់ថា ទីផ្សារអឺរ៉ុបនឹងអាចក្តោបក្តាប់ចំណែកទីផ្សារជាង៤០% នៃការនាំចេញអង្ករសរុបរបស់កម្ពុជាឡើងវិញ បន្ទាប់ពីការលើកលែងនេះ។
អគ្គលេខាធិការរូបនេះបានគូសបញ្ជាក់ថា ក្រោយសភាពាណិជ្ជកម្មសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម ដោយកំណត់យកពន្ធ២០០ដុល្លារក្នុងអង្ករមួយតោនរួចមក បានធ្វើឲ្យការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប្រមាណ៣ឆ្នាំកន្លងមកនេះ។ បើតាមលោក លន់ យ៉េង ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបបានធ្លាក់ចុះក្នុងរង្វង់ជាង១០% ក្នុង១ឆ្នាំ ក្រោយរងទណ្ឌកម្មពីសភាពាណិជ្ជកម្មអឺរ៉ុបនេះ។
នៅឆ្នាំ២០២១ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង៦១ម៉ឺនតោន មានការថយចុះជាង១០% បើធៀបនឹងឆ្នាំ២០២០ ដែលមានរហូតជាង៦៩ម៉ឺនតោន។ ក្នុងនោះការនាំចេញទៅទីផ្សារអឺរ៉ុបសម្រេចបានប្រមាណ១៤ម៉ឺនតោនតែប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍នាំចេញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួររំលឹកថា សភាពាណិជ្ជកម្មសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើការនាំចូលអង្ករពីកម្ពុជា ក្នុងអត្រាពន្ធជិត២០០ដុល្លារសម្រាប់អង្ករ១តោន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។ បន្ទាប់មកពន្ធនេះ បានធ្លាក់មកនៅត្រឹមជាង១៧០ដុល្លារក្នុង១តោន នៅឆ្នាំ២០២០ និងបន្តធ្លាក់មក១៤១ដុល្លារក្នុង១តោន នៅឆ្នាំ២០២១។ ការកំណត់យកពន្ធអង្ករនាំចូលពីកម្ពុជាក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ គឺដោយសារតែមានការប្ដឹងជំទាស់ពីបណ្ដាប្រទេសមួយចំនួននៃសភាពអឺរ៉ុប ដែលថា អង្ករនាំចូលពីកម្ពុជាទៅអឺរ៉ុបមានចំនួនច្រើន និងបានធ្វើប៉ះពាល់ដល់ប្រយោជន៍ប្រទេសអ្នកផលិតអង្ករដូចគ្នានេះនៅអឺរ៉ុប៕