លោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពតកែបបានប្រាប់ឲ្យដឹងថា អំបិលពីប្រទេស ឥណ្ឌាចំនួន ៥ពាន់តោន ពេលនេះបានមកដល់កំពង់ផែកម្ពុជាហើយ។ នេះជាលើកទី១ដែរ ដែលកម្ពុជាសម្រេចប្តូរទិសដៅការនាំចូលអំបិលពីប្រទេសឥណ្ឌាមកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកដែលកំពុងខ្វះខាត ខណៈឆ្នាំមុនកម្ពុជានាំចូលអំបិលពីប្រទេសចិនចំនួន ២ដង។
លោក ប៊ុន បារាំង បានបន្តថា មូលហេតុដែលកម្ពុជានាំចូលអំបិលពីឥណ្ឌា ដោយសារកន្លែងផលិតអំបិលនៅប្រទេសចិន ជួបគ្រោះទឹកជំនន់ដែលធ្វើឲ្យការផលិតរបស់ពួកគេធ្លាក់ចុះ និង មានតម្លៃខ្ពស់ជាងមុន។ លោកបញ្ជាក់ថា អំបិលធម្មជាតិនាំចូលពីប្រទេសឥណ្ឌា គឺមានគុណភាពល្អ និងតម្លៃសមរម្យ ហើយតម្លៃអំបិលនាំចូលពីឥណ្ឌានេះទៀតសោត ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារអ្នកផលិតក្នុងស្រុកដែរ។
លោកបានបញ្ជាក់ថា បច្ចុប្បន្នអំបិលនាំចូលពីឥណ្ឌា ១តោនតម្លៃ ៩៤ ដុល្លារអាមេរិក និងបានលក់ចេញសម្រាប់ទីផ្សារក្នុងស្រុកថ្លៃ ៩៦ដុល្លារអាមេរិក ក្នុង ១ តោន។
សហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពតកែបខាងលើបានបន្តអះអាងថា ការនាំចូលអំបិលពីប្រទេសឥណ្ឌានឹងត្រូវបញ្ឈប់ភ្លាមនៅពេលដែលកម្ពុជាអាចផលិតបានឡើងវិញ ប៉ុន្តែបើកម្ពុជានៅបន្តខ្វះខាត និង ផលិតមិនបានគ្រប់តម្រូវការនោះ លោកនឹងបន្តសុំគោលការណ៍នាំចូលពីឥណ្ឌាបន្ថែម តែក្នុងបរិមាណប៉ុន្មានទៀតនោះមិនទាន់ដឹងនៅឡើយទេ។
យោងតាមទិន្នន័យពីសហគមន៍អ្នកផលិតអំបិលខេត្តកំពត កែប បានឲ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ការផលិតអំបិលនៅក្នុងខេត្តកំពត និងកែបបានប្រហែលជាង ៣ម៉ឺន តោន ក្នុង ១ ឆ្នាំ ខណៈតម្រូវការប្រើប្រាស់សរុបក្នុងប្រទេសមានចន្លោះពី ៨ម៉ឺន ទៅ១០ម៉ឺនតោនក្នុង ១ ឆ្នាំ។
បច្ចុប្បន្នក្នុងខេត្តកំពត និងកែបមានផ្ទៃដីផលិតអំបិលប្រហែល ៤.៥០០ ហិកតា។ ប្រសិនបើអាកាសធាតុអំណោយផលក្នុង ១ ហិកតា គេអាចផលិតអំបិលបានជាង ២០ តោន សម្រាប់រយៈពេល ១ ឆ្នាំ ដោយគិតចាប់ពីខែមករាដល់ខែឧសភា។ កាលពីឆ្នាំ ២០១៨ កន្លងកម្ពុជាបាននាំចូលអំបិលពីចិនត្រឹម ១ម៉ឺនតោនប៉ុណ្ណោះ៕