បើតាមក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងទៀតថា នេះគឺជាលើកទី២ហើយ នៃការព្យាបាលជាសះស្បើយ១០០% សម្រាប់អ្នកជំងឺកូវីដ-១៩ នៅកម្ពុជា ខណៈដែលកាលលើកទី១ គឺបានប្រកាសកាលពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២០។
គិតត្រឹមព្រឹកថ្ងៃទី ១១ ខែកញ្ញានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានអ្នកជំងឺកូវីដ-១៩ នៅសេសសល់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋនោះឡើយ ហើយក៏មិនមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នេះដែរ។ លើសពីនេះទៀត កម្ពុជា ក៏មិនមានការចម្លងមេរោគនេះ ចូលទៅក្នុងសហគមន៍នោះដែរ។
សូមបញ្ជាក់ថា គិតមកទល់នឹងថ្ងៃទី ១១ ខែកញ្ញានេះ ករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកមានកើនឡើងដល់ជាង ២៨ លាននាក់ហើយ ក្នុងនោះ អ្នកស្លាប់បានកើនឡើងដល់ជាង ៩សែននាក់ ខណៈដែលអ្នកជាសះស្បើយមាន២០លាននាក់។ មកទល់នឹងពេលនេះ ប្រទេសដែលមានករណី ឆ្លងច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងសរុបជាង៦,៥លាននាក់, ឥណ្ឌា មានជាង៤,៥លាននាក់, ប្រេស៊ីល មានជាង៤,២លាននាក់ និងរុស្ស៊ីមានជាង១លាននាក់៕