សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា «នៅថ្ងៃនេះ (ថ្ងៃទី ២៨ ខែវិច្ឆិកា) យើងបានរកឃើញករណីមួយ ទៅលើភរិយារបស់អគ្គនាយកពន្ធធនាគារ ដែលមានការកើតនូវកូវីដ-១៩។ នេះជាករណីដំបូងបំផុត ដែលយើងអាចចាត់ទុកថា ជាការឆ្លងក្នុងសហគមន៍ ហើយមានការពាក់ព័ន្ធជាមួយនឹងទីក្រុងភ្នំពេញ ខេត្តសៀមរាប ហើយនឹងអាចឈានទៅដល់ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី»។
ស្ត្រីដែលបានរកឃើញថាមានកូវីដ-១៩នោះ ត្រូវបានគេដឹងថា គឺជាភរិយារបស់ លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធធនាគារ។
សម្តេច បន្ថែមថា ក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលបានចាត់វិធានការបន្ទាន់ដោយធ្វើការប្រមូលផ្ដុំនូវអ្នកដែលបានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលឲ្យធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យ។ សម្រាប់រាជធានីភ្នំពេញ ក៏មានថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម បិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលបានប្រជុំជាមួយនឹងលោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធធនាគារ ក៏ត្រូវធ្វើតេស្ដរកកូវីដ-១៩ ផងដែរ។