ករណីរកឃើញអ្នកឆ្លងថ្មីចំនួន២៣នាក់នេះ គឺមាន១០នាក់ជាជនជាតិខ្មែរ និង១៣នាក់ទៀតជាជនបរទេសភាគច្រើនជាជនជាតិចិន។
គិតមកត្រឹមព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនដល់៤២៥នាក់ហើយ ខណៈដែលករណីឆ្លងសរុបមានមានដល់ ៩៣២នាក់ ក្នុងនោះ អ្នកជាសះស្បើយមាន៨៨៩នាក់។
កាលថ្ងៃទី ០៤ ខែមីនានេះដែរ ក៏មានកើតឡើងករណីស្លាប់បុរសជនជាតិចិនម្នាក់នៅមណ្ឌលចត្តាឡីស័ក ដោយបុរសចិនម្នាក់នោះ ត្រូវបានគេដឹងថាមានវិជ្ជមានកូវីដ-១៩។ ទោះយ៉ាងណា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់នៅក្នុងសារសំឡេងតាមប្រព័ន្ធតេឡេក្រាមថា ការស្លាប់របស់បុរសចិនម្នាក់នោះ មិនបានស្លាប់ដោយសារតែជំងឺកូវីដ-១៩ នោះទេ ប៉ុន្ដែស្លាប់ដោយសារតែបុគ្គលនោះ រើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្ដាលឲ្យគាំងបេះដូងស្លាប់ភ្លាមៗ ព្រោះគាត់បានប្រើប្រាស់សារធាតុញៀនប្រភេទអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។
សូមបញ្ជាក់ថា ការផ្ទុះរាលដាលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍បានបន្ដកើនឡើងជារឿងរាល់ថ្ងៃ ដែលកំពុងធ្វើឲ្យមានក្ដីបារម្ភយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋទូទៅ។ ដូច្នេះ សូមចូលរួមគោរពតាមវិធានការណ៍ណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើងទាំងអស់គ្នា៕