សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌនៃខឿនការពារសុខភាពរបស់ប្រជាជន ហើយបើទោះពីជាការចាក់វ៉ាក់សាំងបានជាង១០លាននាក់ដែលស្មើនឹងជាង១០០% នៃចំនួនដែលបានគ្រោងទុកក៏ដោយ ក៏នៅមានប្រជាពលរដ្ឋប្រមាណរាប់ម៉ឺននាក់ទៀត ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងការពារ ដែលនេះជាហេតុដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជានៅតែបន្តការចាក់ វ៉ាក់សាំងជូនប្រជាជនឲ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេសតែម្ដង។
យ៉ាងណាមិញក្រៅយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅហើយនោះ កម្ពុជាក៏មានយុទ្ធនាការចាក់ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២-១៧ឆ្នាំ ដែលមានប្រជាពលរដ្ឋគោលដៅប្រមាណជាង២លាននាក់ដែលបានសម្រេចបានជិត ៩៨% ហើយ និង ការចាក់ជូនកុមារដែលមានអាយុ៦-១១ឆ្នាំទទួលបានជាង១០០% នៃក្នុងគោលដៅចាក់ជូនជាង១លាននាក់។
យ៉ាងណាមិញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានបើកនូវ យុទ្ធនាការថ្មីមួយទៀតគឺយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុ៥ឆ្នាំ ដែលមានជាង៣០ម៉ឺននាក់បន្តទៅទៀត ដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងក៏ដូចជាបង្កើនអង់ទីករការពារពីការឆ្លងជំងឺកូវីដ១៩ផងដែរ។ មិនតែប៉ុណ្ណោះ បើតាមសម្តេចតេជោ កម្ពុជាក៏កំពុងសិក្សាពីលទ្ធភាព ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារអាយុចាប់ពី៣ ទៅ៤ឆ្នាំផងដែរ។
សូមជម្រាបថា កម្ពុជា ក៏មានគោលដៅនឹងចាក់វ៉ាក់សាំងដូចជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋប្រមាណជាង ១៣លាននាក់នៅទូទាំងប្រទេសផងដែរ ខណៈមកទល់ពលនេះ កម្ពុជាសម្រេចបានការចាក់ដូសទី៣ប្រមាណជាង២លាននាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា បើមើលទៅលើតួលេខករណីឆ្លងកូវីដ១៩ វិញឃើញថា តួលេខនៅថ្ងៃទី០១ ខែវិច្ឆិកានេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ករណីថ្មីត្រឹមតែ ៩១នាក់ប៉ុណ្ណោះ និងជាសះស្បើយ ១៧៥នាក់ និងស្លាប់ ៦នាក់។ ដូច្នេះ សរុបមកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩នៅទូទាំងប្រទេសមានជាង ១១ម៉ឺន៨ពាន់នាក់, ជាសះស្បើយមានជាង១១ម៉ឺន៤ពាន់នាក់ និងស្លាប់សរុបមានជិត ២ពាន់៨រយនាក់៕
អត្ថបទ៖ ហួន ស្រីនីត