របាយការណ៍បូកសរុបលទ្ធផលពីក្រុមហ៊ុនដែលជាសមាជិកចំនួន ៣២ ក្រុមហ៊ុនរបស់សមាគមធានារ៉ាប់រងកម្ពុជា បានបង្ហាញឲ្យឃើញថា ក្នុងឆមាសទី១ នេះ បុព្វលាភដែលទទួលបានពីវិស័យធានារ៉ាប់រងសរុប ១៣៣,៥ លានដុល្លារអាមេរិក។ ក្នុងនោះ បុព្វលាភធានារ៉ាប់រងទូទៅមានជិត ៥៨ លានដុល្លារ កើនជាង ១៧% បុព្វលាភធានារ៉ាប់រងអាយុជីវិតទទួលបានជាង ៧២លានដុល្លារ កើនជិត ១០% និងបុព្វលាភធានារ៉ាប់រងខ្នាតតូចវិញទទួលជិត ៣លានដុល្លារ ថយចុះ ១៧%។
ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាតថារូ បញ្ជាក់ថា វិស័យធានារ៉ាប់រងកម្ពុជាមានការកើនឡើងតិចតួចនាពេលនេះ ដោយសារតែកម្ពុជានៅក្នុងឆ្នាំនេះទទួលរងឥទ្ធិពលនៃការរីករាលដាលជំងឺ កូវីដ-១៩ ដែល ឥទ្ធិពលនេះបានធ្វើសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាសកម្មភាពអាជីវកម្មមួយចំនួននៅបន្តបិទទ្វារ ប៉ុន្តែយ៉ាងណា កំណើននេះនៅតែអាចនិយាយថាបានល្អសម្រាប់រយៈពេលដើមឆ្នាំនេះ។
លោក ហ៊ុយ វ៉ាតថារូ បន្ថែមថា «ផលប៉ះពាល់ពីកូវីដ-១៩ មកលើវិស័យធានារ៉ាប់រងក្នុងឆមាសទី១ គឺមានឥទ្ធិពលតិចតួចនៅឡើយ។ ទោះយ៉ាងណាធានារ៉ាប់រងអាយុជីវិត ដែលកន្លងមកមានកំណើនខ្ពស់រហូត ៣០ទៅ៤០ភាគរយ បានថយចុះកំណើនមកនៅត្រឹមជិត ១០ភាគរយប៉ុណ្ណោះ ដោយសារតែក្នុងមួយពេលកូវីដ-១៩ នេះ រាល់ការជួបជុំជាមួយអតិថិជនសក្តានុពលមួយចំនួនត្រូវបានលុបចោល»។
ប្រធានសមាគមធានារ៉ាប់រងកម្ពុជារូបនេះ បានគូសបញ្ជាក់ទៀតថា កំណើននេះក៏មិនទាន់ច្បាស់ថា វានៅតែបន្តកើនឡើងសម្រាប់ឆមាសទី២ ខាងមុខឡើយ ព្រោះកំណើននៅឆមាសទី១ គឺភាគច្រើនមានមកពីអតិថិជន ដែលជាអ្នកទិញធានារ៉ាប់រងចាស់ៗមកបន្តសុពលភាពរបស់ខ្លួនឡើងវិញ ចំណែកអតិថិជនថ្មីៗឃើញមានចំនួនតិចតួចនោះទេ នេះក៏ដោយសារតែឥទ្ធិពលកូវីដ-១៩ ចាប់ផ្តើមប៉ះពាល់ខ្លាំងលើវិស័យធានារ៉ាប់រងចាប់ពីខែមីនា មកទល់នឹងពេលនេះ។
ជាមួយគ្នានេះ លោក យក់ ចំរើនប្ញទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានគូសបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅកម្ពុជានឹងរងផលប៉ះពាល់ខ្លាំងដោយសារជំងឺកូវីដ-១៩ បើជំងឺនេះនៅតែបន្តអូសបន្លាយតទៅមុខទៀតនោះ នឹងប៉ះពាល់ខ្លាំងទៅដល់ចំណូល ដែលនឹងធ្វើឲ្យចំណូលធ្លាក់ចុះ ខណៈចំណូលធានារ៉ាប់រងបានមកវិស័យដឹកជញ្ជូន អចលនទ្រព្យ និងអាជីវកម្មផ្សេងៗកំពុងត្រូវបានធ្លាក់ចុះផងនោះ។
បើតាមលោក ហ៊ុយ វ៉ាថារូ ក្នុងចំណោមបុព្វលាភធានារ៉ាប់រងទូទៅដែលមានទឹកប្រាក់ជាង ៥៧លានដុល្លារ គឺត្រូវបានបែងចែក ៦៧%លើការផ្តល់សេវាធានារ៉ាប់រងនាវា យន្តហោះ និងដឹកជញ្ជូន និង ២៧% សេវាវិស្វកម្ម និងជាង៧០%ផ្សេងទៀត សេវាសុខភាព អគ្គីភ័យ និងយានយន្ត។
សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនដែលជាសមាជិកសមាគមធានារ៉ាប់រងកម្ពុជាមានចំនួន ៣២ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ១៣ ក្រុមហ៊ុន អាយុជីវិត ១១ ក្រុមហ៊ុន ធានារ៉ាប់រងខ្នាតតូច ៧ ក្រុមហ៊ុន និងធានារ៉ាប់រងបន្ត១ក្រុមហ៊ុន។បើគិតត្រឹមពាក់កណ្តាលឆ្នាំ២០២០នេះ សំណងដែលត្រូវបានសងត្រឡប់សម្រាប់ធានារ៉ាប់រងទូទៅមាន ១១ លានដុល្លារ អាយុជីវិតជាង ៣លានដុល្លារ៕