អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើការនាំចេញទំនិញទៅជប៉ុន មានតម្លៃជាទឹកប្រាក់ជាង ៤៥៣លានដុល្លារ ដោយបានកើនឡើងជាង ១៥ ភាគរយ ខណៈជប៉ុននាំចូលមកកម្ពុជាវិញក្នុងទឹកប្រាក់ ជាង ១០៤ លានដុល្លារ កើនឡើងជាង ១៩ភាគរយធៀបនឹងឆ្នាំ២០១៨កន្លងទៅ។
ទំហំទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារជប៉ុនពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩នេះ កម្ពុជាស្ថិតនៅលេខរៀងលំដាប់ទី៨ នៃប្រទេសក្នុងតំបន់អាស៊ានដែលបាននាំចេញទៅជប៉ុន ពោលគឺច្រើនជាងប្រទេសឡាវ និង មីយ៉ានម៉ា។
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនបង្ហាញថា ផលិតផលសំខាន់ៗ ដែលកម្ពុជាបាននំាចេញទៅកាន់ទីផ្សារប្រទេសជប៉ុនមានដូចជា សម្លៀកបំពាក់ និង ស្បែកជើង គ្រឿងបង្គុំម៉ាស៊ីនអគ្គិសនី។ ដោយឡែក កម្ពុជាមានតម្រូវការនាំចូលទំនិញផ្សេងៗពីជប៉ុនវិញ មានដូចជា ផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងចក្រសម្រាប់បម្រើដល់វិស័យកសិកម្ម និង គ្រឿងបរិក្ខា សម្រាប់លំនៅដ្ឋានជាដើម។
ប្រទេសក្នុងតំបន់អាស៊ានដែលបាននាំចេញច្រើនជាងគេទៅកាន់ទីផ្សារជប៉ុននៅត្រីមាសទី១ ឆ្នាំនេះ បង្ហាញឲ្យឃើញថា ប្រទេសថៃបាននាំមុខគេ ដែលមានទឹកប្រាក់ជាង ៦ ពាន់លានដុល្លារ វៀតណាម ជាង ៥ពាន់លានដុល្លារ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី មានទឹកប្រាក់ប្រហាក់ប្រហែលគ្នា ជិត ៥ពាន់លានដុល្លារ ប្រទេសហ្វីលីពីន ជាង ២ពាន់លានដុល្លារ និង សឹង្ហបុរីជាង ២ ពាន់លានដុល្លារ ខណៈការនាំចេញរបស់មីយ៉ានម៉ា ទាបជាង កម្ពុជា ដែលមានទឹកប្រាក់ជាង ៣៤៥ លានដុល្លារ និងឡាវមានជាង ៣៨ លានដុល្លារ៕