កម្ពុជាគ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិជាង១២០នាក់

កម្ពុជាគ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិជាង១២០នាក់ ទៅកាន់គោលដៅឆ្នេរសមុទ្រ និងកោះ


កម្ពុជាគ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិដែលមកចូលរួម «សន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក» ទៅកាន់គោលដៅឆ្នេរសមុទ្រកោះ និងសហគមន៍អេកូទេសចរណ៍មួយចំនួន នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីបង្អួតគោលដៅទេសចរណ៍កម្រិតខ្ពស់របស់ខ្លួន និងផ្សព្វផ្សាយទៅកាន់ពិភពលោកនាព្រឹត្តិការណ៍ដ៏ធំនេះ។ សន្និបាតឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២ អមជាមួយពិធីបុណ្យសមុទ្រនៅ ខេត្តព្រះសីហនុ ដែលគ្រោងនឹងទទួលប្រតិភូអន្តរជាតិសរុបជាង១២០នាក់នៅទូទាំងពិភពលោក។
កម្ពុជាគ្រោងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិជាង១២០នាក់ ទៅកាន់គោលដៅឆ្នេរសមុទ្រ និងកោះ រូបភាព៖ ក្រសួងទេសចរណ៍

នាកិច្ចប្រជុំត្រៀមរៀបចំ សន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញក្រុមការងារបច្ចេកទេសត្រូវរៀបចំឱ្យមានទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ប្រណីតនៅតាមគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍។ ឯកឧត្ដមរដ្ឋមន្ត្រី លើកឡើងថា ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍នេះទេ ដែលដើរតួសំខាន់ក្នុងការទាក់ទាញនិងទទួលភ្ញៀវទេសចរបានច្រើន។

ជាមួយគ្នានេះ ឯកឧត្ដម ថោង ខុន បានឱ្យដឹងទៀតថា កាលណាកម្ពុជារៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ទាំងនោះបានល្អ នោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទាំងមូលយ៉ាងប្រសើរបំផុត ពីព្រោះក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោក គឺមានសមាជិក មានប្រព័ន្ធផ្សព្វផ្សាយច្រើន ហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរមានប្រសិទ្ធភាព បានន័យថា ប្រសិនបើក្លឹបនេះផ្សព្វផ្សាយពីគោលដៅទេសចរណ៍ទៅកាន់ភ្ញៀវទេសចរនោះ នឹងជួយបង្កើនការចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនទៀត ពោលគឺឱកាសនេះគឺជាឱកាសពិសេសខ្លាំងណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជា។

ទន្ទឹមនេះ ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ ក៏បានលើកឡើង អំពីគោលដៅសំខាន់ៗដែលគ្រោងនឹងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិ ក្នុងនោះរួមមានដូចជាកោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុផងដែរ។ ឯកឧត្ដម ជុក ជំនោរ បានបន្តថា ប្រតិភូដែលបានបញ្ជាក់ថានឹងចូលរួមក្នុងសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ គឺមានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៊ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)។

សូមបញ្ជាក់ថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត ១លាន៦សែននាក់។ កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


ការលក់ប្រេងយន្ដហោះរំពឹងនឹងកើនឡើង ៥០%នៅឆ្នាំក្រោយ ខណៈតម្រូវការហោះហើរកើនខ្ពស់

ក្រុមហ៊ុនសេវាកម្មប្រេងឥន្ធនៈសម្រាប់វិស័យអាកាសចរណ៍បាងកក (BAFS) រំពឹងថា ការលក់ប្រេងឥន្ធនៈសម្រាប់ចាក់យន្ដហោះនឹងកើនឡើង ៥០% នៅឆ្នាំក្រោយ ពោល…

សហព័ន្ធស្រូវអង្ករថា រោងម៉ាស៊ីនកិនស្រូវបានប្រើទុនអស់ជាង១០០លានដុល្លារ ប្រមូលទិញស្រូវជាង ៥០ម៉ឺនតោនពីកសិករ

ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករដែលប្រមូផលនៅឆ្នាំនេះ រាជរដ្ឋាភិបាលបានបញ្ចេញទុនកម្ចីជាបន្ដបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ