សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី២២ ខែកក្កដា កម្ពុជាបានរកឃើញវីរុសបំប្លែងថ្មី ឌែលតា ចំនួន១៥នាក់ ដោយក្នុងនោះ ជាអ្នកដំណើរត្រឡប់មកពីប្រទេសថៃ ចំនួន ១៤នាក់ តាមច្រកព្រំដែន អូបីជាន់, ម៉ាឡៃ, អូស្មាច់ និងព្រំ។ ចំណែក១ករណីទៀត ត្រូវបានរកឃើញលើបុគ្គលិកសុខាភិបាលដែលរស់នៅក្នុងខេត្តឧត្តរមានជ័យ។
ដោយឡែកនៅថ្ងៃទី២៥ ខែកក្កដានេះបានបន្តរកឃើញករណីវីរុសបំប្លែងថ្មីឌែលតា ចំនួន២៤ករណីបន្ថែម។ ក្នុងនោះ មានអ្នកដំណើរមកពីប្រទេសថៃចំនួន ៧នាក់ ដែលត្រឡប់តាមច្រកព្រំដែន អូស្មាច់, ព្រំ, អូបីជាន់ និងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ៦នាក់ ត្រូវបានឆ្លងពីអ្នកដំណើរត្រឡប់មកពីប្រទេសថៃដែលរស់នៅក្នុងខេត្តសៀមរាប និងកំពង់ធំ។ ខណៈបុគ្គលិកសុខាភិបាលខេត្តឧត្តរមានជ័យចំនួន ៣នាក់បន្ថែមទៀតត្រូវបានរកឃើញករណីបំប្លែងថ្មីនេះដែរ។
បើតាមក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី ៣១ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជាបានរកឃើញករណីវិជ្ជមានមេរោគបំប្លែងថ្មី ឌែល សរុប១១៤ករណីហើយ។
គួរជ្រាបថា ក្រសួងសុខាភិបាលសង្កេតឃើញ ការឆ្លងនាពេលបច្ចយប្បន្ននេះ មានសន្ទុះកើនឡើងលើក្រុមយុវវ័យ ដែលជាក្រុមដើរចេញក្រៅផ្ទះច្រើន។ ប្រការនេះ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់បញ្ជាក់បន្ថែម និងរំលឹកហើយរំលឹកទៀត សូមឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំដើម្បីទប់ស្កាត់ការឆ្លងរីករាលដាននៃជម្ងឺកូវីដ-១៩។
ក្រសួងសុខាភិបាលបានព្រមានថា ស្ថានភាពឆ្លងកូវីដ-១៩នៅកម្ពុជាកំពុងឈានទៅរកកឆ្លងទ្រង់ទ្រាយធំ ខណៈដែលវត្តមានមេរោគបំប្លែងថ្មី ឌែលតា ដែលត្រូវបានរកឃើញនៅកម្ពុជា ក៏ជាក្ដីបារម្ភធំផងដែរ៕
អត្ថបទ៖ ស៊ើង និមល់