ពលករចំណាយស្រុក

របាយការណ៍ ADB៖ កម្ពុជា នឹងបាត់ចំណូល ៤២០លានដុល្លារ ពីការផ្ញើប្រាក់មកស្រុក របស់ពលករនៅក្រៅប្រទេស


នៅឆ្នាំ២០២០នេះ ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករចំណាកស្រុកកម្ពុជា ដែលធ្វើការនៅក្រៅប្រទេស អាចនឹងបាត់បង់ប្រហែល៤២០លានដុល្លារអាមេរិក ពោលគឺមានការធ្លាក់ចុះទាបជាងពីឆ្នាំមុនប្រហែលជាង ១៥%។ នេះបើតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB)។
របាយការណ៍ ADB៖ កម្ពុជា នឹងបាត់ចំណូល ៤២០លានដុល្លារ ពីការផ្ញើប្រាក់មកស្រុក របស់ពលករនៅក្រៅប្រទេស (រូបភាព៖)
ដោយ

យោងតាម​ទិន្នន័យ​ពី​ចំនួន​ទឹកប្រាក់​ដែលពលករ​ចំណាកស្រុក​កម្ពុជា​ ដែលបាន​ផ្ញើមកស្រុក​កំណើត កាលពី​២០១៩ ដែលមាន​ប្រមាណ​២,៨ ពាន់​លាន​ដុល្លារអាមេរិក បាន​សបញ្ជាក់​ឲ្យឃើញថា តួលេខ​ដែល ADB បាន​ព្យាករ​ពីប្រាក់​ផ្ញើមកស្រុក​កំណើត​ធ្លាក់ចុះជាង ១៥% នៅឆ្នាំ២០២០នេះ គឺត្រូវ​នឹងចំនួន​ទឹកប្រាក់​ដែល​បាត់បង់​ប្រមាណ ៤២០លាន​ដុល្លារ​ដោយ ក្នុងនោះ ភាគច្រើន​ជាប្រាក់​ដែល​ពលករ​ផ្ញើ​មកពីប្រទេសថៃ ដោយសារតែ​មាន​ពលករ​រាប់ម៉ឺននាក់​បាន​ត្រឡប់​ពីប្រទេសថៃ មកស្រុកកំណើត​វិញ​នៅអំឡុង​ពេល​កូវីដ-១៩នេះ។

ទោះយ៉ាងណា បើតាម​ប្រភពព័ត៌មាន​ក្នុងស្រុកថៃ បាន​ឲ្យដឹងដែរថា ថ្មីៗនេះ អាជ្ញាធរ​ថៃ បាន​រៀបចំ​ឲ្យពលករ​ខ្មែរ​អាច​ចូលទៅធ្វើការ​នៅក្នុងប្រទេសថៃវិញហើយ​ ប៉ុន្ដែ​ត្រូវ​គោររព​តាម​បទបញ្ជា​ទាក់ទង​នឹង​ការគ្រប់គ្រង​ពីសុខភាព។ ទោះយ៉ាងណា តាមប្រភពព័ត៌មាន​នៅប៉ុន្មានសប្ដាហ៍មកនេះ អាជ្ញាធរថៃ​បាន​ចាប់ឃាត់ខ្លួន​ពលករ​ចំណាកស្រុក​ចូលទឹកដីថៃ ខុសច្បាប់​រាប់រយ​នាក់​ផងដែរ។ 

នៅក្នុងរបាយការណ៍​របស់​ ADB ដែលមាន​ចំណងជើងថា «ផលប៉ះពាល់​កូវីដ-១៩ មកលើ​ការធ្វើចំណាក​ស្រុក​អន្តរជាតិ ការផ្ញើប្រាក់​មកស្រុកកំណើត និង​គ្រួសារ​អ្នកទទួល​ប្រាក់ នៅក្នុង​តំបន់កំពុង​អភិវឌ្ឍន៍​អាស៊ី» បាន​បញ្ជាក់ថា​វិបត្តិ​សេដ្ឋកិច្ច ដែលបានបណ្ដាល​មកពី​មេរោគរាតត្បាត​កូវីដ-១៩ បានគំរាមកំហែង​ដល់​ការងារ និងសុខាមាលភាព នៃ​អ្នកចំណាកស្រុក​អន្តរជាតិ​ជាង​៩១លាននាក់​ពី​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក។

របាយការណ៍​ដដែល​បាន​បន្ថែមថា ការផ្ញើប្រាក់មក​ស្រុក​កំណើត​សរុប​របស់ពលករ​ចំណាកស្រុក​អន្តរជាតិ មកកាន់​តំបន់អាស៊ី ត្រូវបាន​រំពឹងថា នឹង​ធ្លាក់ចុះ ចន្លោះពី ជាង៣១ពាន់លាន​ដុល្លារ ​(សេណារីយ៉ូ​មូលដ្ឋាន) ទៅដល់​ជាង​៥៤​ពាន់លាន​ដុល្លារ ​(សេណារីយ៉ូ អាក្រក់​បំផុត) នៅឆ្នាំ២០២០នេះ ដែលវា​ត្រូវ​ជា​អត្រា​ធ្លាក់ចុះ ចន្លោះពី ជាង​១១% ទៅ ជិត​២០% នៃចំនួន​ប្រាក់​​ដែលត្រូវ​ផ្ញើមកស្រុក​កំណើត​របស់​ពលករ​ចំណាកស្រុក​អន្តរជាតិ​ទាំងអស់។

នៅក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេស​ហ្វីលីពីន គឺមាន​ការប៉ះពាល់​ខ្លាំង​ជាងគេ ដែលមាន​ការធ្លាក់ចុះ​ប្រាក់​ផ្ញើ​មកស្រុកកំណើតរបស់កម្មករ​ចំណាកស្រុកនេះ ប្រមាណ ជាង​២០% , វៀតណាម ធ្លាក់ចុះ ១៨,១% , ឡាវធ្លាក់ចុះ ១៦,៣% , ថៃធ្លាក់ចុះ ១៥,៨% និង​ប្រទេសកម្ពុជា​ធ្លាក់ចុះ ១៥,៤%។

តាមការរាយការណ៍​ពី​ភ្នាក់ងារ​ព័ត៌មានជាតិ​​វៀតណាម VNA បាន​ឲ្យដឹង​ដែរថា ពលករ​ចំណាកស្រុក​របស់​កម្ពុជា​ដែលធ្វើការ​នៅ​កូរ៉ូ​ខាងត្បូង និងជប៉ុន បាន​ផ្ញើ​ប្រាក់​មកស្រុក​កំណើតប្រមាណ ១៣​លាន​ដុល្លារ​អាមេរិកតាម​រយៈ​ធនាគារ​អេស៊ីលីដា នៅពាក់កណ្ដាល​ឆ្នាំ២០២០នេះ មានការធ្លាក់ចុះជាង​១,៤លាន​​ដុល្លារ​អាមេរិក ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

របាយការណ៍​ក្រសួងការងារ​បាន​ឲ្យដឹងថា កាលពីឆ្នាំមុន កម្ពុជា​មានពលករ​១,២លាននាក់ ធ្វើការ​នៅក្នុង​ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ហុងកុង​ប្រទេសចិន ម៉ាឡេស៊ី និង​អារ៉ាប់ប៊ីសាអូឌីតជាដើម ដែលពួកគេ​ទាំងនោះ បាន​ផ្ញើប្រាក់​មកស្រុក​កំណើត​ប្រមាណ ២,៨ ពាន់លាន​ដុល្លារអាមេរិក កើនឡើង​ពី ១,៤ ពាន់​លាន​ដុល្លារអាមេរិក កាលពីឆ្នាំ២០១៨៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនគ្រប់គ្រង KFC នៅថៃ ត្រៀមទុនជាង៦៤លានដុល្លារ ពង្រីកសាខាបន្ថែម១៥ សាខានៅដើមឆ្នាំក្រោយ

ក្រុមហ៊ុន RD ដែលបានទិញសិទ្ធិបន្ត (Franchisee) ភោជនីយដ្ឋាន KFC នៅក្នុងប្រទេសថៃ នៅតែបង្ហាញពីសុទិដ្ឋិនិយមចំពោះកំណើននៃទីផ្សារ បើទោះបីជា ប…

សួនសត្វដ៏ធំជាងគេបង្អស់នៅវៀតណាមខាតបង់ជាង៨០ម៉ឺនដុល្លារ នៅពាក់កណ្ដាលឆ្នាំនេះ ដោយសារតែកូវីដ-១៩

ក្រុមហ៊ុនសួនសត្វ Saigon Zoo-Botanical Garden Company Ltd របស់វៀតណាមបានប្រកាសពីការខាតបង់ប្រាក់ប្រមាណ ជាង៨០ ម៉ឺនដុល្លារអាមេរិក នៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ