ថ្លែងនាជំនួបពិភាក្សាការងារ រវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីគោលបំណងចង់តភ្ជាប់ជើងហោះហើរត្រង់ ជាមួយអារ៉ាប់ប៊ីសាអូឌីត ដើម្បីជំរុញដល់ការផ្លាស់ប្ដូរចរន្តភ្ញៀវទេសចររវាងប្រទេសទាំងពីរ ក៏ដូចជា ភ្ញៀវទេសចរណ៍មកពីប្រទេសទីបី។ បន្ថែមលើការស្នើឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំង២ រដ្ឋមន្រ្តីទេសចរណ៍ ក៏បានស្នើឱ្យអារ៉ាប់ប៊ីសាអូឌីត ជួយពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ដែលកម្ពុជា បានផ្ញើទៅកាន់ភាគីអារ៉ាប់ប៊ីសាអូឌីត នាពេលកន្លងមក។
ជាការឆ្លើយតបចំពោះសំណើខាងលើ ឯកអគ្គរាជទូតអារ៉ាប់សាអូឌីតប្រចាំកម្ពុជា ក៏បានទទួលយក និងសន្យាលើកឡើងជូនរដ្ឋាភិបាលរបស់លោក ដើម្បីជំរុញឱ្យកិច្ចការងារនេះ ឈានទៅសម្រេចបានក្នុងពេលឆាប់ៗខាងមុខ។ បើតាមការបញ្ជាក់របស់លោក សាអូដ អាល់ ស៊ូវេលីម នៅខែឧសភា ខាងមុខនេះ អារ៉ាប់ប៊ីសាអូឌីត នឹងតភ្ជាប់ជើងហោះហើរពីរដ្ឋធានីរីយ៉ាដ មករាជធានីបាងកកប្រទេសថៃ និងពីរាជធានីបាងកក មករាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ឯកឧត្តម ស៊ីន ចាន់វុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លើកឡើងថា ចាប់ពីមានការរាតត្បាតជំងឺកូវីដ១៩ អ្នកដំណើរមកពីខាងប្រទេសមជ្ឈឹមបូព៌ា ដូចជា កាតា និងអេមីរ៉ាត់អារ៉ាប់រួម ជាដើម ហាក់មានការថយចុះគួរកត់សម្គាល់ ហើយរហូតពេលនេះ សន្ទុះនៃអ្នកដំណើរចូលមកកម្ពុជា ក៏មិនសូវជាមានការប្រែប្រួលខ្លាំងនោះដែរ។
សូមបញ្ជាក់ថា នៅមុនពេលមានការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អារ៉ាប់ប៊ីសាអូឌីត តែងធ្វើដំណើរទៅមកឥតឈប់ឈរ ក៏ប៉ុន្តែ អំឡុងវិបត្តិកូវីដ១៩ បានធ្វើឱ្យចំនួនអ្នកធ្វើដំណើរថយចុះគួរឱ្យកត់សម្គាល់។ ដូច្នេះ អំឡុងជំនួបរវាងកម្ពុជា-អារ៉ាប់ប៊ីសាអូឌីត ខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាលើការជំរុញការទស្សនារបស់ភ្ញៀវទេសចរជនជាតិមូស្លីមកាន់តែច្រើន ឱ្យចូលមកប្រទេសកម្ពុជាឡើងវិញផងដែរ៕