បើតាមរបាយការណ៍ ប្រាក់ចំណូលដែលក្រុមហ៊ុន SCG រកបានចំនួន ៣៩៦ លានដុល្លារអាមេរិក នៅក្នុងទីផ្សារកម្ពុជានេះ គឺភាគច្រើនបានមកពីការលក់ស៊ីម៉ង់ត៌ ដែលជាផលិតផលស្នូលរបស់ក្រុមហ៊ុននេះ។
លោក Roongrote Rangsiyopash ជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SCG បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ក្នុងឆ្នាំ ២០១៩ នេះ ក្រុមហ៊ុននេះ នឹងបន្តផ្ដោតលើយុទ្ធសាស្ត្រចំនួនពីរជាសំខាន់។ ទីមួយគឺ ស្ថិរភាព ដែលក្រុមហ៊ុនអាចរក្សាបានជាបន្តបន្ទាប់ ហើយចាត់វិធានការបានភ្លាមៗ ដើម្បីទប់ទល់នឹងការប្រែប្រួលផ្នែកសេដ្ឋកិច្ច របស់សកលលោកកាលពីពេលថ្មីៗនេះ។ និងទី ២ គឺការគ្រប់គ្រងកំណើននៅក្នុងរយៈពេលវែង ដោយផ្តោតលើការដាក់ចេញនូវដំណោះស្រាយនានា ដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យបានគ្រប់គ្រាន់។
ដោយឡែក បើពិនិត្យទៅមើលប្រាក់ចំណេញ ដែលក្រុមហ៊ុន SCG រកបាននៅប្រទេសថៃវិញ សម្រាប់ឆ្នាំ២០១៨ កន្លងទៅ គឺមានរហូតដល់ ជាង ៣.៦០០លានដុល្លារអាមេរិក កើនឡើង ១១% ធៀបនឹងឆ្នាំ ២០១៧។ ក្នុងនោះ រាប់បញ្ចូលទាំងការលក់តាមរយៈប្រតិបត្តិការ នៅក្នុងស្រុកនៃទីផ្សារប្រទេសអាស៊ាននីមួយៗ និងការនាំចូលពីប្រទេសថៃផង។
តាមរបាយការណ៍ ចំណូលពីការលក់សរុបរបស់ក្រុមហ៊ុន SCG មុនសវនកម្ម សម្រាប់ឆ្នាំ ២០១៨ ដែលបានចុះបញ្ជីរួចមានទំហំជិត ១៥ពាន់លានដុល្លារអាមេរិក បានកើនឡើង ៦% បើធៀបនឹងឆ្នាំមុន។
ប៉ុន្ដែប្រាក់ចំណេញនៅឆ្នាំ២០១៨វិញ បានធ្លាក់ចុះរហូតដល់១៩% ធៀបនឹងឆ្នាំ ២០១៧ ពោលគឺមានតែជាង ១.៣០០ លានដុល្លារអាមេរិក ប៉ុណ្ណោះ ដោយសារតែភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកលលោក ពោលគឺសង្គ្រាមពាណិជ្ជកម្ម ទីផ្សារប្រេងឡើងចុះ និងការកើនឡើងនូវតម្លៃប្រាក់បាតរបស់ថៃ ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មជារួមរបស់ក្រុមហ៊ុន SCG ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៨ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន SCG គឺមានទំហំទឹកប្រាក់ ជាង ១៨ពាន់លានដុល្លារអាមេរិក ។ ចំណែកឯ ទ្រព្យសកម្មសរុបរបស់ SCG ក្នុងតំបន់អាស៊ាន លើកលែងប្រទេសថៃចេញ គឺមានទំហំទឹកប្រាក់ ៥ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ២៦% នៃទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុននេះ ៕