នាពិធីសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកថ្ងៃទី៣០ តុលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឲ្យមន្រ្តី និងក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំតំបន់ទេសចរណ៍ដោយភ្ជាប់ជាមួយសហគមន៍ និងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ទាំងនោះ សំដៅជួយលើកកម្ពស់ជីវភាព និងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ទាំងនោះ។
ក្រៅពីបង្កើតតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ថ្មីៗ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋបង្កើតការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ទាំងនោះឱ្យកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញពីបំណងចង់បបួលបណ្ដាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ធ្វើដំណើរដោយថ្មើរជើងទៅកាន់តំបន់ទេសចរណ៍ខ្នងផ្សារ ដែលជាតំបន់ទេសចរណ៍ដ៏ល្អមួយរបស់ខេត្តកំពង់ស្ពឺផងដែរ។
ទន្ទឹមនឹងជំរុញឱ្យបង្កើនការផ្សព្វផ្សាយ និងបង្កើតតំបន់ទេសចរណ៍ថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសសើរដល់អាជ្ញាធរពាក់ព័ន្ធចំពោះការរៀបចំឱ្យមានហេដ្ឋរចនាសម្ព័ន្ធល្អៗនៅតាមតំបន់ទេសចរណ៍ ដែលអាចបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរផងដែរ។
សម្តេចធិបតីបានអះអាងថា កន្លងទៅសម្ដេចធ្លាប់ទៅលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានធម្មជាតិមួយចំនួនស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ហើយសម្តេចសង្កេតឃើញថា តំបន់ទេសចរណ៍ទាំងនោះមានសក្តានុពលចម្រុះក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង ដោយវិស័យនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, បង្កើនចំណូលជាតិ, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕
អត្ថបទ៖ បូ ដូឡា