អ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ឃើញថា ការសម្រេចលើកលែងទិដ្ឋាការដល់ទេសចរបរទេសពីប្រទេសថៃ នឹងកាន់តែធ្វើឲ្យប្រទេសក្បែរកម្ពុជាមួយនេះ មានភាពលេចធ្លោរបន្ថែមទៀត។ យ៉ាងណាមិញកម្ពុជានឹងកាន់តែពិបាកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងប្រកួតប្រជែងជាមួយប្រទេសដទៃ បើសិនកម្ពុជាមិនមានគោលការណ៍លើកទឹកចិត្តណាមួយសម្រាប់ភ្ញៀវទេសចរបរទេសដូចប្រទេសដទៃ។
លោកជំទាវ ឆាយ ស៊ីលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាយល់ឃើញថា ការសម្រេចលើកលែងទិដ្ឋាការសម្រាប់ភ្លៀវទេសចរបរទេសរបស់ប្រទេសថៃ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរ គឺបានបង្ហាញពីសញ្ញាណវិជ្ជមានមួយរបស់វិស័យទេសចរណ៍នៃប្រទេសនេះ។ លោកជំទាវ ឆាយ ស៊ីលីន យល់ឃើញថា បើសិនកម្ពុជាអាចដាក់ចេញនូវគោលការណ៍លើកទឹកចិត្តភ្ញៀវទេសចរបរទេសឲ្យដូច ឬស្រដៀងនឹងថៃនោះ កម្ពុជាទំនងជាអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកម្សាន្តនៅកម្ពុជាបន្ថែមផងដែរ។ ខណៈបច្ចុប្បន្នវិស័យទេសចរណ៍នៅកម្ពុជា នៅតែបន្តរងផលប៉ះពាល់ និងមិនទាន់មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នៅឡើយទេ។ បើតាមអ្នកជំនាញរូបនេះផលិតផលទេសចរណ៍របស់កម្ពុជាហាក់នៅមានកម្រិតក្នុងការប្រកួតប្រជែង បើធៀបនឹងប្រទេសក្បែរខាង។ ដូច្នេះតាមរយៈការលើកលែងទិដ្ឋការសម្រាប់ភ្ញៀវទេសចរជនចិន និងឥណ្ឌារបស់ថៃ វាអាចនឹងធ្វើឲ្យកម្ពុជាកាន់តែពិបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសក្បែរខាងមួយនេះ។
ដោយឡែក លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា នៅតែយល់ឃើញថា ស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជា មិនទាន់មានអ្វីប្រួលប្រួលគួរឲ្យកត់សម្គាល់ឡើយទេ ពោលគឺចំនួនភ្ញៀវទេសចរបរទេសដែលចូលមកប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ កម្ពុជាត្រូវមានការលើកទឹកចិត្តឲ្យប្រតិបត្តិកររកស៊ីក្នុងវិស័យទេសចរណ៍ទាំងអស់ ព្យាយាមបង្កើតទំនាក់ទំនង និងចេញទៅផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសដោយផ្ទាល់។ លោកបន្តថា កម្ពុជានឹងបាត់បង់ភាពប្រកួត និងប្រាក់ចេញប្រសិនបើបន្តចាំត្រងភ្ញៀវទេសចរពីប្រទេសជិតខាង ដូចជាថៃ និងវៀតណាម ជាដើម។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា កន្លងមក ដ្បិតប្រទេសក្បែរខាងមិនទាន់មានយន្តការលើកលែងទិដ្ឋាករសម្រាប់ភ្ញៀវទេសចរ ក៏វិស័យទេសចរណ៍កម្ពុជា មិនអាចប្រកួតប្រជែងជាមួយប្រទេសដទៃ។ ដូច្នេះលោករំពឹងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ នឹងមានគោលនយោបាយដ៏ល្អប្រសើរមួយ ដើម្បីជួយជំរុញ និងលើកស្ទួយដល់វិស័យទេសចរណ៍កម្ពុជាដែលបានរងគ្រោះខ្លាំងដោយសារវិបត្តិសាកលនានាឲ្យប្រសើរឡើងវិញ។
បើទោះបីបច្ចុប្បន្នវិស័យទេសចរណ៍នៅកម្ពុជាហាក់មិនទាន់ប្រសើរឡើងវិញក៏ពិតមែន តែឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា សម្រាប់កម្ពុជាមិនទាន់មានគោលការណ៍លើកលែងនូវទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសណាមួយនៅឡើយទេ។ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃអាណត្តិទី៧នេះ មានគំនិតផ្ដួចផ្ដើមសំខាន់ៗមួយចំនួនសំដៅធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាព សុខដុមនីយកម្មក្នុងការងារសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។
សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងអាចទទួលទេសចរអន្តរជាតិបានប្រមាណ៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ ដែលចំនួននេះប្រហាក់ប្រហែលនឹងការព្យាករនៅក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ ខណៈនៅពេញមួយឆ្នាំ២០២២ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបជាង២លាន២សែននាក់ កើនឡើងជាង១០០០% បើធៀបនឹងឆ្នាំ២០២១ និងទទួលបានភ្ញៀវទេសចរជាតិប្រមាណជិត១៤លាននាក់កើនឡើងជិត២០០%ផងដែរ៕