ក្រឡេកទៅមើលរបាយការណ៍ពី ការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម បានបង្ហាញឲ្យដឹងថា នៅក្នុងខែមករា ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម បានឈានដល់ ៤៨៨លានដុល្លារអាមេរិក ដែលក្នុងនោះ កម្ពុជា នាំចេញទៅ វៀតណាម ក្នុងទំហំទឹកប្រាក់ជាង ១១០លានដុល្លារអាមេរិក និងនាំចូលមកពី វៀតណាម វិញ ក្នុងទំហំទឹកប្រាក់ជាង ៣៧៧លានដុល្លារអាមេរិក។បើមើលពីទំហំទឹកប្រាក់នៃការនាំចូលពីប្រទេសវៀតណាមវិញ ហាក់បីដូចខ្ពស់ឆ្ងាយដាច់ជារៀងរាល់ឆ្នាំ ដែលភាគច្រើន ទំនិញដែល វៀតណាម នាំចូលមក កម្ពុជា មានដូចជា ផលិតផលប្លាស្ទិកជិត ១៥លានដុល្លារ ផលិតផលក្រដាសជិត ៩លានដុល្លារ គ្រឿងវាយនភណ្ឌជាង ៥៥លានដុល្លារ វត្ថុធាតុដើមសម្រាប់វិរស័យឧស្សាហកម្មជាង ២៦លានដុល្លារអាមេរិក ដែកថែប ៩៥លានដុល្លារ ប្រេងឥន្ធនៈ ៤៨លានដុល្លារ និងគ្រាប់ស្វាយចន្ទី ១៧លានដុល្លារ។
ដោយឡែកងាកមកមើលខាងកម្ពុជាវិញ នៅក្នុងរបាយការណ៍ពីការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាម មិនបានបញ្ជាក់ពី ផលិតផលអ្វីខ្លះ ដែលនាំចេញពី កម្ពុជា ទៅកាន់វៀតណាម នោះទេ គ្រាន់តែបង្ហាញថា កម្ពុជា បាននាំចេញទៅ វៀតណាម ក្នុងទំហំទឹកប្រាក់ជាង ១១០លានដុល្លារអាមេរិក។
សូមជម្រាបផងដែរថា កាលពីឆ្នាំ ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និងវៀតណាម គឺសម្រេចបានជាង ៤,៧ពាន់លានដុល្លារអាមេរិក ហើយរំពឹងទុក នឹងកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិក មុនឆ្នាំ ២០២០ខាងមុខ ហើយភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩-២០២០ ផងដែរ។
ក្រៅពីការឯកភាពផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) សម្រាប់ទំនិញកម្ពុជាចំនួន ៣២បន្ទាត់ពន្ធគយ ប្រទេសវៀតណាម ក៏បានផ្តល់កូតានាំចូលអង្ករចំនួន ៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់ ៣ពាន់តោន នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ២០២០ ខណៈដែរភាគីកម្ពុជា បានផ្តល់ភាពអនុគ្រោះពន្ធអត្រា ០% (សូន្យភាគរយ) ដូចគ្នា ដល់ទំនិញវៀតណាមចំនួន ២៦បន្ទាត់ពន្ធគយ។
ប្រទេសវៀតណាម បានក្លាយជាដៃគូវិនិយោគធំទី ៥ របស់កម្ពុជាដោយបានវិនិយោគចំនួន ២០៦គម្រោង មានតម្លៃជាទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារអាមេរិក ខណៈដែរប្រទេសកម្ពុជា បានវិនិយោគត្រឹមតែ ១៨គម្រោង នៅក្នុងប្រទេសវៀតណាម ដែលមានតម្លៃជាទឹកប្រាក់ជាង ៥៨លានដុល្លារអាមេរិកប៉ុណ្ណោះ។
បើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅឆ្នាំ ២០១៨នេះ ការនាំចេញរបស់កម្ពុជា សម្រេចបានជាង ១៣,៥ ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលវិញ គឺមានប្រមាណជាង ១៨, ៧ ពាន់លានដុល្លារអាមេរិក ដែលសបញ្ជាក់ឲ្យឃើញថា ឱនភាពពាណិជ្ជកម្ម ឬការនាំចូលរបស់កម្ពុជាមានលើសការនាំចេញ រហូតដល់ជាង ៥,២ ពាន់លានដុល្លារអាមេរិក។
ក្នុងនោះ កម្ពុជា បាននាំចេញផលិតភាគច្រើនបំផុត គឺសម្លៀកបំពាក់ និងស្បែកជើង ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារអាមេរិក ផលិតផលកសិកម្មមានប្រមាណ ៦៣០លានដុល្លារអាមេរិក និងផលិតផលផ្សេងៗទៀត មានជិត ៣ពាន់លានដុល្លារអាមេរិក។
ដោយឡែក ក្នុងចំណោមការនាំចូលជាង ១៨ពាន់លានដុល្លារអាមេរិកវិញ កម្ពុជាបាននាំចូលភាគច្រើន គឺជាវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ប្រេងឥន្ធនៈ សម្ភារសំណង់ យានយន្ដ អាហារ និងភេសជ្ជៈ និងផលិតផលផ្សេងៗទៀត។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា សហភាពអឺរ៉ុបនៅតែជាមានចំណែកទីផ្សារធំសម្រាប់ការនាំចេញរបស់កម្ពុជា ពោលគឺមាន ២៩% នៃចំណែកទីផ្សារនាំចេញសរុប ខណៈអាមេរិក មាន២៤% អង់គ្លេសមាន ៩% និងជប៉ុន មាន៨%។ រីឯប្រទេសដែលនាំចូលមកកម្ពុជា ឃើញថា ចិនឈរលំដាប់មុខគេមានជិត ៣០% នៃការនាំចូលសរុប ថៃ មានជាង ១៥% វៀតណាមមានជិត ១២% និងជប៉ុនមាន ៤%៕